ថ្ងៃចុងក្រោយហើយ! ស-ពលោក Shinzo Abe បូជានៅថ្ងៃនេះ ឯធាតុនឹងហែទៅបញ្ចុះនៅស្រុកកំណើត
ក្រោយការប្រារព្ធពិធីបុណ្យសពជាលក្ខណៈគ្រួសារនៅព្រះវិហារ Zoljoji រួចមក សពលោក Abe នឹងត្រូវបញ្ជូនទៅកាន់កន្លែងបូជាសពនៅទីក្រុង Tokyo ដើម្បីធ្វើការបូជា មុនយកធាតុរបស់លោកទៅបញ្ចុះនៅស្រុកកំណើតវិញ។
សាកសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ធ្វើការបូជានៅ Kirigaya Funeral Home ក្នុងទីក្រុង Tokyo នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ (វេលានៅប្រទេសជប៉ុន) ដោយក្រោយបូជារួច ធាតុរបស់លោកនឹងនាំយកត្រឡប់ទៅស្រុកកំណើតលោកវិញឯ Yamaguchi ដើម្បីធ្វើការបញ្ចុះក្បែរផ្នូររបស់ឪពុកលោក Shintaro Abe។
គួររំឭកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានទទួលមរណភាពកាលពីរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅក្នុងវ័យ ៦៧ ឆ្នាំ ក្រោយត្រូវខ្មាន់កាំភ្លើងលបបាញ់ប្រហារ អំឡុងពេលរូបលោកកំពុងថ្លែងសុន្ទរកថា នៅតាមដងផ្លូវនៃទីក្រុង Nara។ ក្នុងការធ្វើឃាតអតីតមេដឹកនាំជប៉ុនរូបនេះ ជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃ បាញ់ប្រហារលោកពីក្រោយក្នុងរយៈចម្ងាយត្រឹម ៥ ម៉ែត្រប៉ុណ្ណោះ៕