កុមារី ៨ ឆ្នាំម្នាក់ ពិការមួយកំណាត់ក្រោមដើរមិនរួច ព្យាយាមជម្នះការឈឺចាប់រហូតអាចដើរបាន ធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង
វីដេអូរបស់ក្មេងស្រីម្នាក់មានឈ្មោះ Anqi មកពីទីក្រុង Xiangtan ក្នុងខេត្ត Hunan បានរីកសាយភាយពេញបណ្ដាញសង្គម Weibo ដែលមានអ្នកចូលទស្សនាជាង ១១ លានដង។ វីដេអូនោះ គឺជាវីដេអូពីដំណើរការដែលក្មេងតូចនោះព្យាយាមព្យាបាលដើម្បីធ្វើឱ្យនាងអាចដើរបានវិញ។
គួរឱ្យដឹងផងដែរថា កាលពី ២ ឆ្នាំមុន Anqi បានប៉ះទង្គិចខួរឆ្អឹងខ្នងរបស់នាងដោយសារតែកំឡុងពេលរាំនាងបានជួបឧបទ្ទវហេតុមួយ ដែលជាហេតុធ្វើឱ្យនាងពិការចាប់ពីចង្កេះចុះក្រោម រហូតធ្វើឱ្យនាងដើរលែងកើតតែម្ដង។
ដោយឡែក យោងតាមសម្ដីរបស់ម្ដាយក្មេងស្រីរូបនោះបានបញ្ជាក់ថា បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើង Anqi បានចាប់ផ្តើមព្យាបាល ហើយម្តាយរបស់នាងបាននិយាយថា ការព្យាបាលមួយនេះ គឺជាបទពិសោធន៍មួយដ៏ឈឺចាប់ និងគួរឱ្យហត់នឿយសម្រាប់កូនស្រីរបស់នាងខ្លាំងមែនទែន។
ក្រឡេកទៅមើលក្នុងវីដេអូ ដែលបានចែកចាយពេញ Weibo នោះវិញ គឺវាបានបង្ហាញពីការលំបាករបស់ក្មេងតូចនោះ ក្នុងវគ្គនីមួយៗ កំឡុងពេលដែលនាងព្យាយាមទទួលការការព្យាបាលនោះ រហូតធ្វើឱ្យនាងយំដែលមើលឃើញសភាពនាពេលនោះ ពិតជាគួរឱ្យអាណិតជាពន់ពេក។
យ៉ាងណាមិញ ដោយសារតែភាពជម្នះរបស់ក្មេងស្រីរូបនោះ ព្រោះតែខ្លួនចង់ដើរឱ្យបានវិញ នាងមិនចុះចាញ់នូវឧបសគ្គមួយនេះឡើយ ពោលគឺនាងខិតខំព្យាយាមហាត់ងើបឈរទាំងលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យមកូនស្រីនោះ ត្រូវចំណាយពេលរយៈពេលយ៉ាងហោចណាស់ ៦ ម៉ោងក្នុង ១ ថ្ងៃ សម្រាប់ការព្យាបាលព្យាយាមងើបឈរម្ដងបន្តិចៗ រហូតអាចដើរបានតេះតះឡើងវិញ។
ម្ដាយរបស់នាងក៏បានបន្ថែមថា ទោះបីជានាងស្រែកយំដោយសារតែភាពឈឺចាប់ពីការព្យាបាលមួយនោះក៏ដោយ ក៏នាងមិនដែលនិយាយថានាងនឹងបោះបង់វាចោលដែរ។
ក្រោយពីការហ្វឹកហ្វឺន និងព្យាបាលនៅផ្ទះបានត្រឹមតែ ១ ខែប៉ុណ្ណោះ Anqi អាចឈរបានទៅហើយ។ ចំណែកឯ នៅខាងចុងវីដេអូនោះ យើងអាចមើលឃើញពីភាពអស្ចារ្យដែលនាងបានខំប្រឹងប្រែង និង បានធ្វើឱ្យអ្នកទស្សនាមិនតិចទេ បានសរសើរពីការខិតខំប្រឹងមួយនោះ៕