ក្ដៅដូចបាយពុះ! ម្តាយ Tangmo ធ្វើខួបកំណើតគម្រប់ ៦៨ ឆ្នាំ ស្រាប់តែលេចមុខ Poh និង Bird មកចូលរួម ផ្ទុះការរិះគន់ព្រាត
ក្រោយការស្លាប់របស់កូនស្រីជាង ៥ ខែ ម្តាយរបស់ Tangmo ហាក់មិនសូវបានបាត់មុខពីសារព័ត៌មានទេ ព្រោះតែលោកស្រីនៅតែបន្តធ្វើការឆ្កឹះឆ្កៀលពាក់ព័ន្ធជាមួយនឹងរឿងក្តីរបស់កូនស្រី និងធ្វើសកម្មភាពផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យមហាជនទើសចិត្ត ផ្ទុះការរិះគន់ជារឿយៗ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកម្តាយរូបនេះ ក៏បានធ្វើឱ្យគេមានការហួសចិត្តជាថ្មីទៀតហើយ ដោយកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ លោកស្រីបានធ្វើពិធីអបអរជប់លៀងអរគុណទៅដល់សារព័ត៌មាន ដែលតែចុះពាក់ព័ន្ធជាមួយនឹងរឿងក្តីកូនស្រី ព្រមជាមួយនឹងពិធីខួបកំណើតគម្រប់ ៦៨ ឆ្នាំរបស់ខ្លួនក្នុងថ្ងៃតែមួយតែម្តង។
ក្នុងពិធីនេះ ម្តាយ Tangmo បានឱ្យដឹងថា រយៈ ៥ ខែកន្លងមកនេះ លោកស្រីអរគុណគ្រប់គ្នាណាស់ ដែលជួយតាមដានរហូតមក ចំណែករាល់ថ្ងៃនេះ លោកស្រីសម្រាន្តលក់ស្រួល ហើយក៏មិនសូវពិបាកចិត្តប៉ុន្មាននោះដែរ។
ចំណែករឿងទ្រព្យសម្បត្តិរបស់ Tangmo ក្រោយពីបានពិភាក្សាសាជាមួយ Anna ជាមិត្តជិតស្និទ្ធរបស់ Tangmo រួច លោកស្រីក៏បានឱ្យយកខោអាវរបស់កូនស្រីទៅលក់ទាំងអស់ ដើម្បីធ្វើការងារសប្បុរសធម៌ ហើយចំណែកផ្ទះរបស់នាងក៏បានឱ្យ Anna ជាអ្នកសម្រេចចិត្តចាត់ចែងដូចគ្នា។
យ៉ាងណាមិញ បើក្រឡេកមកមើលទិដ្ឋភាពនៅក្នុងពិធីវិញ គេឃើញមានការចូលរួមពីសំណាក់មេធាវី ក៏ដូចជាមហាជនជាច្រើនទៀត ជាពិសេស គេឃើញវត្តមានរបស់ហាយសូរ Poh និង Bird ដែលជាជនសង្ស័យក្នុងការស្លាប់របស់ Tangmo នេះទៀតផង។ ដោយឡែក មហាជនអ្នកគាំទ្រ ពិតជានៅមិនសុខឡើយ ម្នាក់ៗចូលទៅបញ្ចេញមតិឌីដង រិះគន់អ្នកម្តាយតារាស្រីរូបនេះ យ៉ាងចាស់ដៃ ព្រោះលោកស្រីតែងធ្វើឱ្យគេហួសចិត្ត ពាក់ព័ន្ធនឹងរឿងផ្សេងៗមិនដែលបាត់ឡើយ៕