ស្នាដៃអស្ចារ្យណាស់! ទោះវ័យ ៦៧ ឆ្នាំ តែលោក ជា វុទ្ធី តស៊ូបន្តអាជីពរក្សាកេរដំណែលចម្លាក់ស្ពាន់ខ្មែរ
ថ្មីៗនេះ មហាជនភាគច្រើន បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវចម្លាក់ស្ពាន់បុរាណខ្មែរយ៉ាងប្រណីត និង គួរឱ្យស្ញើចសរសើរបំផុត ដែលសម្រាំងចេញពីថ្វីដៃជើងចាស់មួយរូបដ៏ជំនាញឈ្មោះលោក ជា វុទ្ធី ។ ឆ្នាំនេះ លោក ជា វុទ្ធី មានអាយុ ៦៧ ឆ្នាំហើយ។ រំលឹកទៅកាន់អតីតកាលបន្ដិច លោក ជា វុទ្ធី បានសិក្សារៀនសូត្រ និង ធ្វើចម្លាក់ស្ពាន់ដូចជា ផ្តិល ដាវ ព្រះខ័ន កាទឹក និងវត្ថុផ្សេងៗទៀត ចាប់តាំងពីឆ្នាំ១៩៦៧ ដែលមានទីតាំងស្ថិតនៅ ភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ទាក់ទិនទៅនឹងរឿងរ៉ាវ ចម្លាក់ស្ពាន់បុរាណខ្មែរនេះ លោក ជា វុទ្ធី ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរ នៅខេត្តកណ្ដាល បានពោលរៀបរាប់ឱ្យបានដឹងថា រូបលោកបានសិក្សារៀនសូត្រ និង ចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះ អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ដើម្បីរក្សាឱ្យបាននូវជំនាញចម្លាក់ស្ពាន់បុរាណខ្មែរដោយដៃ ទុកជាអត្តសញ្ញាណជាតិ និងបេតិកភ័ណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទបុរាណ ទើបត្រូវការពេលវេលា ភាពអត់ធ្មត់ ការសម្រិត សម្រាំងដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកល្អប្រណីត។
ទន្ទឹមនោះ បុរសវ័យចំណាស់ ថែរក្សាមរតកកម្ពុជារូបនេះ បានបន្ថែមថា សម្រាប់វត្ថុ ធាតុដើមសម្រាប់ធ្វើចម្លាក់នេះ គឺបានទិញនៅក្នុងស្រុក។ ចំណែកឯ ចម្លាក់ស្ពាន់ មានបែងចែកជាពីរប្រភេទ គឺស្ពាន់លឿង និងស្ពាន់ក្រហម ហើយការចម្លាក់ស្ពាន់បុរាណនីមួយៗ គឺត្រូវប្រើរយៈពេលពី កន្លះខែទៅ ៣ ខែ តាមទំហំដែលភ្ញៀវបានកម្ម៉ង់។
អ្វីដែលកាន់ពិសេសទៀតនេះ មកទល់ពេលនេះ លោកបានបញ្ជាក់ថា សម្រាប់សិស្ស-និស្សិត ដែលចង់សិក្សារៀនសូត្រពីបច្ចេកទេសជំនាញចម្លាក់ស្ពាន់ អាចទៅសិក្សារៀនសូត្របានដោយផ្ទាល់ ជាមួយលោក ដើម្បីស្វែងយល់ចំណេះទាំងអស់នេះ កុំឱ្យបាត់បង់ពីទឹកដីប្រទេសយើង៕
ប្រភព ៖ ក្រសួងព័ត៌មាន