(វីដេអូ) អ្នកគាំទ្ររំភើបណាស់! BTS ត្រូវបានតែងតាំងជាផ្លូវការយ៉ាងពិសេស សម្រាប់ពិព័រណ៍ដ៏ធំក្នុងពិភពលោក
ជារឿងមោទកភាពមួយដែលសមាជិកទាំង ៧ របស់ក្រុមចម្រៀងបុរសកូរ៉េ BTS ត្រូវបានតែងតាំងជាផ្លូវការក្នុងនាមជាឯកអគ្គរដ្ឋទូតទំនាក់ទំនងសាធារណៈពិសេស សម្រាប់ពិព័ណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ ២០៣០។
យ៉ាងណាមិញ សម្រាប់ទីតាំងកម្មវិធីនេះ គឺគ្រោងនឹងធ្វើឡើង នៅឯក្រុងកំពង់ផែភាគខាងត្បូងទីក្រុង Busan ដែលជាស្រុកកំណើតរបស់សមាជិក BTS ផ្ទាល់គឺ Jimin និង Jungkook។
តួយ៉ាង នៅក្នុងថ្ងៃនេះផ្ទាល់ (ថ្ងៃទី ១៩ ខែកក្កដា) ពិធីតែងតាំងសមាជិក BTS ទាំង ៧ នាក់ដើម្បីឡើងកាន់តំណែងមួយនេះ ត្រូវបានធ្វើឡើងនៅការិយាល័យរបស់ផលិតកម្ម HYBE ក្នុងទីក្រុងសេអ៊ូល ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូង។
គួរឱ្យដឹងផងដែរថា លោកនាយករដ្ឋមន្រ្តី Han Duck-soo ហើយក៏ជាសហប្រធានមួយរូប នៅក្នុងគណៈកម្មាធិការជាតិសម្រាប់ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍បានលើកឡើងថា៖ «មូលហេតុដែលលោកតែងតាំងតារាលំដាប់ពិភពលោក ពោលគឺក្រុមចម្រៀង BTS នេះ ជាឯកអគ្គរដ្ឋទូត ព្រោះពួកគេគឺជាមនុស្សដែលត្រូវបានមហាជនជុំវិញពិភពលោកទទួលស្គាល់ និងស្រឡាញ់ពួកគេ»។
លោកក៏បានបន្ថែមទៀតថា៖ «ដូច្នេះហើយ វាក៏ក្លាយទៅជាឱកាសមួយ ដើម្បីបង្កើនការចាប់អារម្មណ៍ និង ការគាំទ្របន្ថែមទៀត មិនត្រឹមតែពីសំណាក់ប្រជាជនក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះទេ ថែមទាំងមហាជនទូទាំងពិភពលោកផងដែរ»៕