ចក្រភពអង់គ្លេស បានជួបប្រទះកម្តៅក្តៅបំផុតមិនធ្លាប់មាន ដោយសីតុណ្ហភាពលើសពី ៤០ អង្សាសេ។ ចំពោះសីតុណ្ហភាពដ៏ក្ដៅមួយនេះ ក៏បណ្តាលឪ្យរថភ្លើងមួយចំនួនបានទុកចោល និង មានភ្លើងឆេះនៅបណ្តាផ្លូវនានា មិនត្រឹមតែប៉ុណ្ណោះរលកម្តៅនេះក៏បាន និង កំពុងវាយលុកខាងអឺរ៉ុបកាន់តែខ្លាំងផងដែរ។
បើតាមការិយាល័យ Met វិញបានឪ្យដឹងថា ៖ «កំណត់ត្រាថ្មីនៃសីតុណ្ហភាព 40.3°C (104.5F) ត្រូវបានកត់ត្រានៅក្នុងទីក្រុង Coningsby ភាគកណ្តាលនៃប្រទេសអង់គ្លេស ហើយក៏មានកន្លែងចំនួន ៣៤ នៅទូទាំងប្រទេសអង់គ្លេស ក៏មានសីតុណ្ហភាពលើសពីសីតុណ្ហភាព 38.7°C (101.7F) ដែលបានកត់ត្រាក្នុងឆ្នាំ 2019 កន្លងទៅ»។
ការិយាល័យ Met បានបន្តទៀតថា ៖ «ការស្រាវជ្រាវដែលធ្វើឡើងនៅការិយាល័យ Met បានបង្ហាញថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់ចក្រភពអង់គ្លេសក្នុងការជួបប្រទះសីតុណ្ហភាព 40°C នៅក្នុងអាកាសធាតុដែលមិនមានការរំខានបែបនេះ»។
លើសពីនេះទៅទៀត នៅភាគខាងកើតនៃប្រទេសអង់គ្លេស ក៏មានភ្លើងដ៏ធំមួយបានកើតឡើង និង បានឆាបឆេះផ្ទះនៅក្នុងភូមិ Wennington ដោយអណ្តាតភ្លើងនេះបានឆាបឆេះលើផ្ទៃដីប្រហែល ៤០ ហិកតា។ ចំណែកឯកន្លែងផ្សេងៗទៀត និង តំបន់វាលដ៏ធំនៅជុំវិញរដ្ឋធានី ក៏មានការឆាបឆេះ ផ្សែងហុយពេញផ្លូវសំខាន់ៗក្បែនោះផងដែរ៕
ប្រភព៖ The Weather Network