គ្រូពេទ្យដែលសង្គ្រោះ Shinzo Abe ភ្លាមៗថ្ងៃកើតហេតុ ទម្លាយអារម្មណ៍យ៉ាងរំជួលចិត្ត ក្រោយជួយលោកមិនបាន
ពិតជាធ្វើឱ្យមហាជនជុំវិញពិភពលោក មានការស្រណោះសោកស្តាយជាពន់ពេក ក្រោយកាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុន លោក Shinzo Abe ត្រូវបានគេលបលួចបាញ់ប្រហារផ្តាច់ជីវិតយ៉ាងមិនគួរឱ្យជឿ ខណៈពេលដែលកំពុងបំពេញការងារនាខេត្ត Nara។
ក្នុងនោះ ខណៈកើតហេតុការណ៍ភ្លាមៗ ក៏មានក្រុមគ្រូពេទ្យមកជួយសង្គ្រោះលោកផងដែរ តែគួរឱ្យសោកស្តាយពួកគេនៅតែមិនអាចទាញលោកចេញពីដៃមច្ចុរាជបាន។
យ៉ាងណាមិញ មានគ្រូពេទ្យមួយរូប វ័យ ៦៤ ឆ្នាំ ដែលបានជួយសង្គ្រោះលោក Shinzo Abe ក៏បានចេញមុខមកទម្លាយបទពិសោធ និង អារម្មណ៍សោកស្តាយរបស់ខ្លួនចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះផងដែរ។
គ្រូពេទ្យរូបនេះបានឱ្យដឹងថា លោកបានធ្វើការនៅគ្លីនិកមួយកន្លែង នៅជិតកន្លែងកើតរបស់ Abe។ ពេលកើតរឿងរួចមិនបានប៉ុន្មាននាទី មានអ្នកជំងឺម្នាក់ ក៏បានរត់មកប្រាប់លោកឱ្យទៅជួយមើលលោក Abe ហើយពេលទៅដល់ភ្លាម គឺលោកចាប់អារម្មណ៍ថាលោក Abe មានមុខស្លេកស្លាំងណាស់ បេះដូងនៅដើរតិចៗ រាងកាយមិនកម្រើកឡើយ ហើយលោកក៏ដឹងភ្លាមថា លោក Abe ពិតជាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់។
លោកក៏បានឱ្យគេប្រញាប់ប្រញាល់ទៅយកប្រដាប់ធ្វើចលនាបេះដូងមក ប៉ុន្តែដោយសារតែរញ៉េរញ៉ៃខ្លាំងពេក លោកក៏បានធ្វើចលនាបេះដូងឱ្យលោក Abe ដោយដៃ។ ពេលនោះ លោក Abe ស្លេកស្លាំង និង អស់ឈាមច្រើនណាស់ មើលទៅគ្មានឱកាសនឹងដឹងខ្លួននោះទេ ដែលធ្វើឱ្យគ្រូពេទ្យរូបនេះមានអារម្មណ៍អស់សមត្ថភាព និង បានតែភាវនាក្នុងចិត្តសុំឱ្យកើតមានបដិហារតែប៉ុណ្ណោះ។
ក្រោយមក លោក Abe ក៏ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែគួរឱ្យសោកស្តាយ លោកនៅតែមិនអាចដឹងខ្លួនបានឡើយ រហូតដល់បាត់បង់ជីវិតនៅថ្ងៃដដែលតែម្តង៕