ស្ទើរមិនគួរឱ្យជឿ! Kaka KH ទម្លាយប្រវត្តិពិតរបស់ខ្លួនយ៉ាងកម្រ ពាក់ព័ន្ធជាមួយលោក កេត សូបូរិទ្ធ ជាឪពុក
ប្រិយមិត្តប្រាកដជាស្គាល់យ៉ាងច្បាស់ហើយពី Kaka KH ដែលអ្នកនាងគឺជាតារាហ្វេសប៊ុកម្នាក់ដ៏ល្បីល្បាញមួយរូប ដោយកន្លងមករហូតទល់បច្ចុប្បន្ននេះ អ្នកនាងតែងតែបានធ្វើវីដេអូជាច្រើន មានទាំងវីដេអូបែបកម្សាន្ត វីដេអូអប់រំ វីដេអូការឆ្លើយតបផ្សេងៗ និង វីដេអូរិះគន់ ជាដើម។
បច្ចុប្បន្ននេះ អ្នកនាង Kaka KH បានមានគ្រួសារ និង កំពុងរស់នៅឯប្រទេសអូស្ត្រាលីយ៉ាងមានសុភមង្គលផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងបង្ហាញពីប្រវត្តិពិតមួយរបស់អ្នកនាង Kaka KH និង លោក កេត សូបូរិទ្ធ ជាឪពុក ដែលលោកគឺជាអតីតតួកុនខ្មែរជំនាន់ឆ្នាំ ៨០-៩០ មួយរូបដ៏ល្បីល្បាញ។
តាមការឱ្យដឹងពីអ្នកនាង Kaka KH បានឱ្យដឹងថា អ្នកនាង និង លោក កេត សូបូរិទ្ធ គឺជាឪពុកកូននឹងគ្នាមែន ប៉ុន្តែមិនមែនជាឪពុកកូនបង្កើតឡើយ ពោលគឺលោក កេត សូបូរិទ្ធ គឺជាឪពុកក្រោយរបស់នាង ប៉ុន្តែយ៉ាងណានាងបានចាត់ទុកអតីតតារាសម្តែងរូបនេះជាឪពុកបង្កើត និង បានគោរពស្រឡាញ់ស្មើជីវិតផងដែរ ព្រោះលោកបានចិញ្ចឹមនាងតាំងពីអាយុ ៤ ឆ្នាំមកម៉្លេះ។
ខាងក្រោមនេះ គឺជាការរៀបរាប់របស់អ្នកនាង Kaka KH ៖
នាងខ្ញុំ កាកា អូស្ត្រាលី មានតែសូមគោរព និង អរគុណដល់បងៗម្ចាស់ផេក Popular Magazine និង ក្រុមការងាររបស់បងទាំងមូល ហើយក៏សូមថ្លែងអំណរអរគុណទៅដល់សំណាក់ប្រិយមិត្ត និង ទស្សនិកជនទាំងអស់ដែលជាអ្នកគាំទ្រនាងខ្ញុំ រួមទាំងលោកប៉ារបស់ខ្ញុំ។
តាមពិតទៅគាត់ត្រូវជាឪពុកក្រោយរបស់ខ្ញុំ ហើយជាឪពុកម្នាក់គត់ដែលខ្ញុំគោរព និង ស្រឡាញ់ ដោយសារតែគាត់បានចិញ្ចឹមខ្ញុំតាំងពីខ្ញុំដឹងក្តី តាំងពីអាយុប្រហែលជា ៤-៥ ឆ្នាំប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ន។ ពេលដែលខ្ញុំមានអាយុ ១៦ ឆ្នាំ ទើបខ្ញុំបានដឹងច្បាស់អំពីប្រវត្តិរបស់ខ្លួនខ្ញុំផ្ទាល់ ឪពុកខ្ញុំបង្កើតបានបែកបាក់គ្នាជាមួយម្ដាយខ្ញុំនៅពេលដែលខ្ញុំមានអាយុត្រឹមតែ ១ ខួបតែប៉ុណ្ណោះ ហើយខ្ញុំមិនបានដឹងទេថា ប៉ារិទ្ធ ជាឪពុកក្រោយ រហូតដល់ខ្ញុំមានអាយុ ១៦ ឆ្នាំ ទើបខ្ញុំបានដឹងដោយសារតែពេលនោះឪពុកនាងខ្ញុំបង្កើត បានចង់មានទំនាក់ទំនងជាមួយនឹងនាងខ្ញុំឡើងវិញ ដើម្បីឱ្យកូនស្រីបានស្គាល់ពីសាវតារបស់ខ្លួន។
ពាក្យមួយម៉ាត់ដែល ប៉ារិទ្ធ តែងតែប្រដៅខ្ញុំក្រោយពេលរឿងទាំងអស់នេះបានកើតឡើង និង លាតត្រដាងពីប្រវត្តិស្នេហា និង ការចែកផ្លូវរបស់ឪពុកម្ដាយខ្ញុំ ប៉ារិទ្ធ តែងតែប្រាប់ខ្ញុំថា «ប៉ាមានតែពាក្យមួយម៉ាត់ទេប្រាប់កូន កូនត្រូវតែគោរពគេ ព្រោះគេជាឪពុកបង្កើតរបស់កូន កូនកុំភ្លេចឲ្យសោះ! ប៉ាបានត្រឹមតែចិញ្ចឹមកូន តែកូនត្រូវគោរពគេ ព្រោះគេជាឪពុកដែលបានផ្ដល់ជីវិតឱ្យកូន»។
ខ្ញុំមានតែពាក្យអរគុណដល់ប៉ា កេត សូបូរិទ្ធ ដែលបានចិញ្ចឹមខ្ញុំដែលបានចូលខ្លួនមកធ្វើជាឪពុកឱ្យខ្ញុំមានឪពុកហៅនឹងគេ មិនថាកាលពីក្មេងខ្ញុំជាក្មេងស្រីដែលខូច ឬ ទំនើង មិនស្ដាប់បង្កប់យ៉ាងណាក៏ដោយ តែខ្ញុំហ៊ាននិយាយថាគាត់មិនដែលសូម្បីតែវ៉ៃខ្ញុំមួយដៃ ហើយអ្វីមួយដែលខ្ញុំមិនអាចបំភ្លេចបាន ក្នុងអំឡុងពេលដែលខ្ញុំមានផ្ទៃពោះជាមួយនឹងកូន ចំរើន គាត់ក៏បានមកជួយមើលថែ ជួយធ្វើការងារផ្ទះ បោះសម្អាត ជូតផ្ទះ លាងចានគ្រប់សព្វជំនួសខ្ញុំ មិនឱ្យសូម្បីតែកូនស្រីលើកធ្ងន់ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពខ្ញុំ និង ចៅ មិនដូច្នេះទេមកពីប៉ាដឹងថាកូនស្រីម្នាក់នេះចរិតប្រុស ហើយមិនសូវចេះប្រយ័ត្ន និយាយរួមទៅអត់សូវគ្រប់ទឹកកន្លះក្អមតែម្ដង។
ឃើញព័ត៌មាននេះអ្នកខ្លះនឹងសើចចំអកខ្ញុំទៅវិញទេ ប៉ុន្តែសម្រាប់ខ្ញុំដែលជាសាមីខ្លួនផ្ទាល់ ខ្ញុំសូមនិយាយពាក្យមួយម៉ាត់ថា អ្នកណាសើចអីនិយាយអីសើចទៅ! វាជាសំណាងរបស់ខ្ញុំទៅវិញទេ ដែលខ្ញុំមានឪពុក ២ ឪពុកបង្កើត និង ឪពុកក្រោយ ខ្ញុំគោរពស្រឡាញ់ទាំងពីរ តែ ប៉ារិទ្ធ មានគុណខ្ពស់ ព្រោះគាត់ជាអ្នកចិញ្ចឹមតាំងពីតូចមក។
ដូច្នេះការពិតរបស់ខ្ញុំ ខ្ញុំទទួលស្គាល់គ្រប់សព្វបែបយ៉ាង ព្រោះរសជាតិជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់គឺជាមេរៀនដែលផ្ដើមឱ្យខ្ញុំមានចិត្តចង់ចែករំលែកបទពិសោធមួយចំនួនដូចដែលខ្ញុំបានធ្វើក្នុងបណ្ដាញសង្គមគន្លងមក រហូតដល់បច្ចុប្បន្ននេះ។ សូមអរគុណដល់សំណាក់បងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ដែលតែងតែស្រឡាញ់ និង គាំទ្រនាងខ្ញុំ និង ក្រុមគ្រួសារទាំងមូល។
Kaka KH Australia – កាកា អូស្ត្រាលី