ចង់ទៅលេងថៃ ដោយមិនប្រើ Passport ចូលតាមច្រក ៤០០ ទិញសំបុត្រម្នាក់អស់តែ ២ ពាន់រៀល
ក្រោយពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់បន្ដិច គេក៏ឃើញប្រជាពលរដ្ឋកម្ពុជា បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗ ដែលក្នុងនោះគេក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម ឬប្រទេសឡាវជាដើម។
យ៉ាងណាមិញសម្រាប់ប្រិយមិត្តណាដែលមិនទាន់មាន Passport ឬ លិខិតឆ្លងដែន ហើយមានបំណងចង់ចូលទៅទស្សនាកម្សាន្តនៅទីរួមស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ អាចចូលទៅទស្សនាតាមច្រក ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបងបានដោយមិនចាំបាច់មានលិខិតឆ្លងដែនឡើយ ដោយចំណាយត្រឹមតែម្នាក់ ២ ០០០ រៀលប៉ុណ្ណោះ។
តាមប្រភពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមទៀតថា នៅរៀងរាល់ថ្ងៃពុធ និង ថ្ងៃសៅរ៍ ក៏មានផ្សារណាត់បើកទទួលភ្ញៀវទេសចរទៅដើរទស្សនាលេងកម្សាន្តទៀតផង។
លើសពីនេះ ប្រិយមិត្តក៏អាចយកយានជំនិះផ្ទាល់ខ្លួនដូចជាឡាន ឬម៉ូតូចូលបានដល់ទីរួមស្រុក បរៃ ហើយថែមទាំងអាចទៅលេងទឹកធ្លាក់ ខ្លង់កែវ ដែលស្ថិតនៅទីរួមស្រុកនោះបានផងដែរ៕