លើកទី ១ សុភ័ក្ត្រ កុសុម៉ា អន់ចិត្តខ្លាំង ពេលមានអ្នកលេងសើចលើស ប៉ះផ្លូវចិត្តធ្ងន់
មហាជនអ្នកគាំទ្ររបស់ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា បានជ្រាបហើយថា កញ្ញាជាពិធីការិនីកំពូលវោហារស័ព្ទចាក់ទឹកលិចលាយឡំនឹងភាពកំប្លែងលេងសើចធ្វើឱ្យគេសប្បាយរីករាយគ្រប់គ្នាពេលមានវត្តមានរបស់នាង។
ដោយឡែក ថ្មីៗនេះ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីសុខៗស្រាប់តែឃើញកញ្ញាបង្ហោះសារបង្ហាញអារម្មណ៍អន់ចិត្តជាលើកដំបូង ដោយធ្លាប់តែឃើញលេងសើចសប្បាយៗ ប៉ុន្តែនាងហាក់មានការអាក់អន់ស្រពន់ចិត្តខ្លាំង ខណៈមានអ្នកលេងសើចដាក់នាងលើសលួសធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាង។
ក្នុងនោះ កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏ពុំបាននិយាយបញ្ជាក់ច្បាស់ជុំវិញរឿងនេះថាមានបញ្ហាអាក់អន់ចិត្តនឹងអ្នកណានោះទេ ដោយគ្រាន់តែរៀបរាប់ថា ៖ «ទទួលស្គាល់ខ្ញុំជាមនុស្សលេងសើចច្រើន តែពេលខ្លះអ្នកថាឱ្យខ្ញុំ អ្នកលេងសើចដាក់ខ្ញុំបែបលើស តើអ្នកមានដែលគិតអារម្មណ៍ខ្ញុំទេ?»។ ជាមួយគ្នានោះ កញ្ញាក៏បានបញ្ចេញមតិបន្តក្រោមការបង្ហោះរបស់នាងថា ៖ «ពេលអារម្មណ៍ល្អខ្ញុំមិនខ្វល់មិនគិត ចុះពេលខ្ញុំអារម្មណ៍មិនល្អ? តែយ៉ាងណាក៍ខ្ញុំបានត្រឹមញញឹមដើរចេញ»។
ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានធ្វើការបញ្ចេញមតិសួរនាំដល់ ពិធីការិនីរូបនេះ គ្រប់គ្នា និង បានធ្វើការវែកញែកជុំវិញរឿងរ៉ាវនេះរៀងៗខ្លនផងដែរ៕