កម្រឃើញណាស់! Brad Pitt ទម្លាយអារម្មណ៍បែបនេះចំពោះកូនស្រីច្បង Shiloh
ថ្មីៗនេះ ខណៈពេលអញ្ជើញចូលរួមកម្មវិធីសម្ពោធរឿង «Bullet Train» នៅរោងភាពយន្ត Regency Village ក្នុងក្រុង Los Angeles តារាសម្ដែងប្រុស Brad Pitt បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយរូបលោកបានធ្វើការទម្លាយអារម្មណ៍ពាក់ព័ន្ធនឹងកូនស្រី Shiloh ជាមួយអ្នកសារព័ត៌មាន។
តារាប្រុសមុខសម្បូរស្នេហ៍រូបនេះ បានទម្លាយថា លោករំភើបរហូតស្រក់ទឹកភ្នែក នៅពេលឃើញវីដេអូកូនស្រី Shiloh រាំ cover បទរបស់ Doja Cat។ បន្ថែមពីនេះដែរ Brad Pitt ក៏មិនភ្លេចឡើយនៅការលើកសរសើរកូនស្រីរបស់លោកដែរថា នាងគឺពិតជាស្រស់ស្អាតណាស់។
Brad Pitt ក៏ឆ្លៀតនិយាយលេងសើចដែរថា លោកមិនដឹងថា កូនស្រីរបស់លោករូបនេះ មានទេពកោសល្យរាំកាត់តាមនរណានោះ ព្រោះថា លោកមិនមែនជាអ្នកពូកែរាំនោះឡើយ។ លើសពីនេះទៅទៀត Brad Pitt ក៏បានបង្ហាញបំណងរបស់លោកចំពោះ Shiloh និង កូនៗ ៥ នាក់ផ្សេងទៀត ដោយលោកសង្ឃឹមថា ពួកគេនឹងរស់នៅជីវិតមួយដែលខ្លួនឯងចង់បាន។
គួរបញ្ជាក់ថា Shiloh ដែលមានឈ្មោះពេញថា Shiloh Nouvel Jolie Pitt គឺជាកូនស្រីដំបូង ជាតំណក់ឈាមរួមគ្នាជាមួយតារាសម្ដែង Angelina Jolie និង តារាប្រុស Brad Pitt។ នាងបានកើតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៦ ក្នុងប្រទេសអាហ្វ្រិក៕