ចង់ទៅសមុទ្រផ្អាកសិន! ចាប់ពីស្អែក អាចភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១០-១៦ ខែសីហា ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅចន្លោះថ្ងៃទី ១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី ៧ ឈ្មោះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី ១១ ខែសីហា។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតី បន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ ខនៈបន្ទាប់ពីនោះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពី តិចទៅទៅបង្គួរ លាយឡំទៅដោយ ផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ។
– នៅចន្លោះថ្ងៃទី ១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួន នៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់។ បន្ទាប់ពីនោះ ភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖