រៀបការបានជាង ២ ខែ Pancake ទម្លាយថាធ្លាប់ឈ្លោះគ្នាខ្លាំង រហូតស្វាមីធ្លោយមាត់សុំបែក
Pancake Khemanit តារាស្រីវ័យ ៣៤ ឆ្នាំ មានបទពិសោធន៍លើវិថីសិល្បៈជាង ១៨ ឆ្នាំ ហើយមានស្នាដៃរឿងល្បីៗជាច្រើនរាប់មិនអស់ មិនថាជារឿងខ្នាតធំ ឬរឿងភាគនោះឡើយ។
ក្រោយមើលចិត្តគ្នាជាមួយគូស្នេហ៍ជាង ១០ ឆ្នាំ ទីបំផុតតារាស្រីរូបនេះបានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ដោយមានការអបអរសាទរជាច្រើនពីសំណាក់មិត្តសិល្បៈ និងអ្នកគាំទ្រ។
យ៉ាងណាមិញក្រោយរៀបការបានជាង ២ ខែ Pancake បានឡើងផ្តល់បទសម្ភាស ហើយទម្លាយថា៖ «ក្នុងទំនាក់ទំនង ១០ ឆ្នាំនេះ យើងមិនមែនចេះតែត្រូវគ្នារហូតទេ ហើយមានពេលម្តងនោះយើងធ្លាប់ឈ្លោះគ្នាខ្លាំងបំផុត រហូតដល់បងខ្លាឃ្មុំ និយាយថាគាត់ទ្រាំលែងបានហើយ សុំបែកពីខ្ញុំ»។
«បើសួរថាអារម្មណ៍ខ្ញុំពេលនោះបែបណា គឺភាំងដូចគ្នារកអីនិយាយអត់បាន ហើយគិតក្នុងចិត្តថា ធ្វើយ៉ាងម៉េចល្អ ធ្វើបែបណាតទៀត? គឺមិនដឹងគាំងគិតអ្វីមិនចេញ។ លុះក្រោយមកយើងក៏បាននិយាយគ្នា ជម្រះបញ្ហានោះចេញ ហើយក៏មកធ្វើកិច្ចសន្យាជាមួយគ្នាថាពួកយើងទាំងពីរ គឺមិននិយាយពាក្យនេះដាក់គ្នាទៀតដាច់ខាត ដរាបណាពួកយើងនៅស្រឡាញ់ និងមានចិត្តឱ្យគ្នា»។
«ក្រោយជួបហេតុការណ៍នោះបង្រៀនឱ្យខ្ញុំដឹងថា ការឈ្លោះគ្នាគឺយើងមិនគួរណាបណ្តោយទុកចោលធ្វើដូចមិនដឹងរឿងអីកើតទេ មានន័យថាមិនមែនឈ្លោះគ្នា ដើរចេញហើយទៅដេក ស្អែកឡើងធ្វើដូចគ្មានរឿងអ្វី មកចាប់ផ្តើមសារថ្មី គឺមិនកើតទេចាស៎ មិនល្អទេ ព្រោះម្នាក់ៗគឺនឹងមិនមានអារម្មណ៍ស្រស់ស្រាយដូចមុននោះឡើយ»។
«ជម្រើសរបស់ខ្ញុំ និងបងខ្លាឃ្មុំគឺយើងមកនិយាយតមុខគ្នា ហើយជម្រះឱ្យដាច់ស្រេច ទើបម្នាក់ៗអាចគេងស្កប់ ហើយបើសិនជាយើងដោះស្រាយមិនកើតគឺយើងត្រូវរកជនទី ៣ ឱ្យជួយសម្របសម្រួល ដែលជនទី ៣ នោះគឺគ្មានអ្នកណាក្រៅពី ម្តាយឪពុកទាំងសងខាងនឹងឯង ព្រោះមានតែពួកគាត់ទេដែលស្គាល់ពួកយើងច្បាស់ ហើយបង្រៀន និងឱ្យដំបូន្មានថាពួកយើងគួរធ្វើបែបណាបន្តទៀត»៕