ក្ដៅៗ! នៅបារាំង រកឃើញករណីដំបូង សត្វឆ្កែកើតជំងឺអុតស្វា
តាមការចេញផ្សាយពីសារព័ត៌មាន CBS News បានឱ្យដឹងថា ភ្នាក់ងារសុខាភិបាលប្រចាំសហរដ្ឋអាមេរិក បានធ្វើការ update ឯកសារណែនាំរបស់ពួកគេ ក្រោយករណីសង្ស័យដំបូងនៃសត្វចិញ្ចឹម ដែលបានឆ្លងជំងឺអុតស្វាពីម្ចាស់របស់វា នៅឯក្រុងប៉ារីស ប្រទេសបារាំង។
បើតាមទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បានធ្វើការចេញផ្សាយកាលពីសប្ដាហ៍មុនថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងនៃករណីឆ្លងជំងឺអុតស្វាពីមនុស្សទៅសត្វ។ ករណីដំបូងក្នុងប្រទេសបារាំងនេះ គឺបានកើតឡើងលើបុរស ២ នាក់រស់នៅក្នុងផ្ទះតែមួយ ដោយពួកគេទាំង ២ កើតជំងឺអុតស្វាទាំង ២ នាក់។ រយៈពេល ១២ ថ្ងៃក្រោយពួកគេចេញអាការដំបូង ស្រាប់តែសត្វឆ្កែចិញ្ចឹមរបស់ពួកគេ ក៏ចាប់ផ្ដើមចេញស្នាមកន្ទួល និង តេស្តវិជ្ជមានជំងឺអុតស្វាដូចគ្នា។
បើតាមឱ្យដឹង បុរសទាំង ២ រូបនោះ គឺដេកជាមួយនឹងសត្វចិញ្ចឹមរបស់ពួកគេផ្ទាល់ ហើយក្រោយរកឃើញឆ្លង សត្វឆ្កែមួយក្បាលនោះ ក៏ត្រូវបានបញ្ចៀសមិនឱ្យប៉ះពាល់ជាមួយមនុស្ស និង សត្វដទៃទៀតដែរ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការប្រកាសជំងឺអុតស្វា ជាជំងឺអាសន្នសុខភាពជាសកល។ វីរុសនេះដែរ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់អ្នកជំងឺដែលមានស្នាមកន្ទួល រមាស់ ឬ ក៏សារធាតុរាវនានាលើរាងកាយអ្នកផ្ទុកជំងឺ។ បន្ថែមពីនេះ វាក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ ឬ តាមរយៈការថើប ការឱប ឬ ការរួមភេទ៕