G-Dragon អាយុ ៣៥ ឆ្នាំទៅហើយ តែបងស្រីបង្កើត នៅនិយាយពាក្យបែបនេះដាក់លោកដដែល
តារាដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកូរ៉េ លោក G-Dragon បានឈានចូលវ័យ ៣៥ ឆ្នាំនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នេះហើយ។ បើទោះបីជាតារាប្រុសរូបនេះពុំសូវចេញមុខក្នុងកម្មវិធី ឬមានការប្រគំតន្ត្រីច្រើនដូចមុនក្ដី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅខ្លាំងដដែល។
យ៉ាងណាមិញ ក្នុងថ្ងៃកំណើតរបស់ប្អូនប្រុសសំណព្វ អ្នកនាង Kwon Dami ដែលជាបងស្រីបង្កើតតែមួយគត់របស់លោក Kwon Jiyong ឬ អ្នកគ្រប់គ្នាបានស្គាល់ថា GD នោះ បានបង្ហោះរូបភាពប្អូនប្រុសរបស់ខ្លួនចូលទៅក្នុង Stories IG ដើម្បីអបអរថ្ងៃកំណើតរបស់លោក។
អ្វីដែលចាប់អារម្មណ៍ Kwon Dami បានបង្ហោះរូប GD កាលពីក្មេងជាមួយស្នាមញញឹមដ៏ស្រស់ពព្រាយ ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា៖ «រីករាយថ្ងៃកំណើតប្អូនប្រុសរបស់បង។ ប្អូនប្រុសតែមួយគត់ ដែលនៅតែគួរឱ្យស្រឡាញ់សម្រាប់បងស្រី»។
ក្នុងន័យនេះ អ្នកគាំទ្រជាច្រើនគិតថា ទោះប្អូនប្រុសរបស់នាងចូលវ័យ ៣៥ ឆ្នាំ ទៅហើយក្ដី ក៏លោកនៅតែជាប្អូនប្រុសដ៏តូចស្រស់សង្ហា និង គួរឲ្យស្រលាញ់ក្នុងភ្នែករបស់បងស្រីជានិច្ច៕