សន្យានឹងខ្លួនឯង! បើបានទៅស្ទឹងត្រែង ចូលលេងកន្លែងលម្ហែដ៏ស្រស់ស្អាតនេះ មុនគេ
ស្ថិតនៅចម្ងាយប្រមាណជាង ៤០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែងត្រូវបានគេស្គាល់ថាជាខេត្តដែលសម្បូរទៅដោយធនធាន និង កន្លែងលម្ហែបែបធម្មជាតិ ព្រមទាំងមានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និង អស្ចារ្យនៅតាមដងទន្លេមេគង្គ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» នឹងដឹកដៃប្រិយមិត្តទៅស្គាល់កន្លែងលម្ហែមួយកន្លែង ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលពុំសូវមានអ្នកស្គាល់ និង ពុំសូវបានទៅដល់ ដែលនៅទីនោះមានឈ្មោះថា «បក្សីមេគង្គ»។
ស្ថិតនៅ តាមដងទន្លេមេគង្គ នៅភាគខាងលើក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង «បក្សីមេគង្គ» ជាទីដែលបម្រើសេវាកម្មសម្រាប់ទទួលភ្ញៀវទេសចរ ដោយមានការសម្រាកនៅបឹងកាឡូ ការបោះតង់ ទស្សនាតាមឆ្នេរខ្សាច់ តាមកោះ ជិះទូកកាយ៉ាកមើលតាមកោះ មើលសត្វស្លាប និង ដំណើរកម្សានជាច្រើនទៀតក្នុងតម្លៃសមរម្យ។
មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរទាំងឡាយ អាចទស្សនានៅតាមកោះខ្សាច់ជាង ១ ០០០ ដែលកោះទាំងនោះប្តូររូបរាង ជារៀងរាល់ឆ្នាំទៅតាមចរន្តទឺកហូរ ព្រមទាំងបានទស្សនា សម្រស់ព្រៃឈើ មើលថ្មដុះថ្មមរកត ដែលដុះចេញពីផ្ទៃទឹក បានឃើញសត្វបក្សាបក្សី រាប់លានក្បាល និង បានឃើញប្រភេទសត្វស្លាបកម្រៗ ដែលជិតផុតពូជ ដូចជា ត្រយ៉ង ក្អែកទឹក ស្មោញ ដែលកំពុងហើរទាំងហ្វូង យ៉ាងទ្រហ៊ឹងអឺងកង៕
រូបភាព ៖ Mekong Bird Resort