អតីតសមាជិកក្រុម Cartoon Emo ៣ រូប បង្ហាញខ្លួនក្នុងកម្មវិធីប្រកួតចម្រៀងដ៏ល្បី
បើរំឮកកាលពីប្រមាណជិត ១០ ឆ្នាំ មហាជននិយមស្តាប់តន្ត្រី និង គាំទ្រតារាចម្រៀងប្រចាំផលិតកម្មស្បាក ច្បាស់នៅចាំនៅឡើយក្រុមតារាចម្រៀង «Cartoon Emo» ដែលមាន លោក ណូលី និង តន្ត្រីករ គ្រូភ្លេងល្បីឈ្មោះប្រចាំស្ថានីទូរទស្សន៍ហង្សមាស គឺ លោក សាន សុវណ្ណឌីន ក្នុងចំណោមសមាជិកចំនួន ៥ នាក់។
ក្រោយពីបំបែកក្រុម និង បានចាប់យកជំនាញលើវិថីសិល្បៈរៀងខ្លួនហើយនោះ គេក៏សង្កេតឃើញមានសមាជិក ៣ រូប ក្នុងចំណោម ៥ នាក់ ដែលមានដូចជាលោក សាន់ សុវណ្ណឌីន លោក សាន់ សុវណ្ណដេន និង លោក គង់ សុភក្តី បានក្លាយទៅជាតន្ត្រីករ និង អ្នកនិពន្ធភ្លេងប្រចាំផលិតកម្មរស្មីហង្សមាស។
ជាងនេះទៅទៀត អតីតសមាជិកក្រុម «Cartoon Emo» ទាំង ៣ រូប ខាងលើ ក៏បានលេចវត្តមានក្នុងការប្រកួតប្រជែង ជាគ្រូបង្វឹកដល់តារាចម្រៀងអាជីពក្នុងកម្មវិធី «I Am a Singer Cambodia» រដូវកាល ទី ៣ ក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង។
គួររំឭកថា អតីតសមាជិកក្រុមចម្រៀង «Cartoon Emo» ខាងលើ កាលពីកម្មវិធី «I Am a Singer Cambodia» រដូវកាលទី ១ និង ទី ២ មហាជនធ្លាប់បានឃើញវត្តមានរបស់ លោក សាន់ សុវណ្ណឌីន និង លោក គង់ សុភក្តី រួចហើយដែរ តែនៅរដូវកាលទី ៤ នេះ សមាជិកក្រុម «Cartoon Emo» មួយរូបទៀត គឺលោក សាន់សុវណ្ណដេន ដែលជាប្អូនប្រុសបង្កើតរបស់លោក សាន់ សុវណ្ណឌីន ក៏នឹងមានវត្តមានជាគ្រូបង្វឹកដល់តារាចម្រៀងអាជីពមួយរូប ក្នុងការប្រកួតឆាប់ៗខាងមុខនេះដែរ៕