នេះជាស្ថានភាពបច្ចុប្បន្នរបស់ Jimmy Lin ក្រោយវះកាត់ដៃ និង វះកាត់តភ្ជាប់ឆ្អឹងមុខ
តារាសម្ដែងប្រុសមុខស្រស់ Jimmy Lin អាចចេញពីពេទ្យ វិលត្រឡប់ទៅផ្ទះវិញបានហើយ ក្រោយទទួលការព្យាបាលរបួសពីគ្រោះថ្នាក់ឡានបុកបង្គោលភ្លើងនៅមន្ទីរពេទ្យអស់រយៈពេល ១ ខែមកនេះ។
តាមសារព័ត៌មានចិន Appledaily នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិតដែលជាប្រធានមន្ទីរពេទ្យនៅក្រុងតៃប៉ិ បានបញ្ជាក់ថា ស្ថានភាពរបស់តារាប្រុស Jimmy Lin គឺវិវដ្ដទៅល្អប្រសើរណាស់ ដោយរូបលោកឥឡូវអាចញ៉ាំអាហារ និង ផឹកទឹកដោយខ្លួនឯងបាន ក្រោយទទួលការវះកាត់។
ក្នុងនោះដែរ លោកវេជ្ជបណ្ឌិតដដែលបានចេញមុខបដិសេធចចាមអារ៉ាមមួយចំនួនដែលលើកឡើងថា ស្ថានភាពរបស់ Jimmy គឺហាក់អាក្រក់ទៅ ក្រោយទទួលការវះកាត់ ដោយលោកថែមទាំងត្រូវដោតបំពង់បញ្ចូលអាហារទៀតផងនោះ។
គួរឱ្យដឹងថា មុនធូរស្រាលអាចចាកចេញទៅផ្ទះវិញបាននោះ តារាសម្ដែង Jimmy Lin បានឆ្លងកាត់ការវះកាត់ចំនួន ២ ដោយមួយវះកាត់ដៃ និង មួយទៀតវះកាត់តភ្ជាប់ឆ្អឹងមុខរបស់លោកឡើងវិញ។ តាមសម្ដីក្រុមគ្រូពេទ្យ បាននិយាយថា រយៈពេល ៦ ខែក្រោយ Jimmy នឹងអាចធ្វើលំហាត់ប្រាណរាងកាយបានដូចធម្មតាវិញហើយ។
គួររំឭកថា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែង Jimmy Lin និង កូនប្រុស បានជួបប្រទះគ្រោះថ្នាក់ដ៏រន្ធត់ ដោយរថយន្តរបស់លោក បានបុកទៅនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង រហូតឆាបឆេះ ដែលជាហេតុធ្វើឱ្យលោករងរបួសធ្ងន់ធ្ងរ ខណៈកូនប្រុសរងរបួសស្រាល៕