បើកធ្លាយទៀតហើយ! Vincent Wong ត្រូវភរិយាប្តឹងលែងលះតាំងពី ៤ ឆ្នាំមុន
កន្លងមក គូប្តី-ប្រពន្ធតារាសម្ដែងល្បីហុងកុង Vincent Wong និង Yoyo Chen ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនដងក្រោយរៀបការហើយតាំងពីឆ្នាំ ២០១៨។ យ៉ាងណាមិញ មកដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ក៏មានការបង្ហើបថា តារាទាំងពីរបានដាក់ពាក្យសុំលែងលះនៅតុលាការ ប៉ុន្តែភាគីទាំងសងខាងបានបដិសេធ។
រហូតមកដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ បើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង East Net បានឱ្យដឹងថា Yoyo Chen ពិតជាបានដាក់ពាក្យសុំលែងលះជាឯកតោភាគីកាលពី ៤ ឆ្នាំមុន ហើយព័ត៌មានការលែងលះបានបែកធ្លាយកាលពីសប្ដាហ៍មុន បានធ្វើឱ្យនាយកប្រតិបត្តិ TVB ខឹងសម្បារយ៉ាងខ្លាំង ដោយសង្ស័យថានាងជាអ្នកផ្តល់ព័ត៌មាន ហើយរឿងថ្មីដែលរៀបចំសម្តែង ត្រូវបានជំនួសជាបណ្តោះអាសន្ន។
ប្រភពដដែលបានបន្តថា Yoyo Chen បានសម្រេចចិត្តយ៉ាងមុតមាំច្បាស់លាស់ជាមួយនឹង Vincent Wong ហើយបានដាក់ពាក្យសុំលែងលះជាឯកតោភាគីកាលពី ៤ ឆ្នាំមុន។
សូមបញ្ជាក់ថា បើយោងតាមច្បាប់ហុងកុង ប្រសិនបើភាគីណាម្នាក់ដាក់ពាក្យសុំលែងលះ មិនថាប្តីឬប្រពន្ធ បើការស្នើសុំប្រើពេលយ៉ាងហោច ២ឆ្នាំ នោះការលែងលះអាចបញ្ចប់ដោយមិនចាំបាច់មានការយល់ព្រមពីភាគីម្ខាងទៀតឡើយ៕