ល្អឯកគ្មានពីរ! ផ្ទាំងទស្សនីយភាព រឿងព្រះបាទជ័យវរ្ម័នទី ៧ ធ្វើឱ្យមហាជនរំភើបចិត្តខ្លាំងបំផុត
កាលពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧ រៀបចំដោយសាលារបាំនរោត្តម បុប្ផាទេវី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និង មានការគាំទ្រពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានប្រព្រឹត្តិទៅយ៉ាងរលូន។
ក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនេះ គេឃើញថាមហាជនបានទស្សនានូវផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណខ្មែរដែលសម្ដែងដោយក្រុមសិល្បៈប្រកដដោយទេពកោសល្យដ៏ល្អវិសេសវិសាល។ ជាពិសេស រាល់មហាជនខ្មែរដែលបានចូលរួមទស្សនា ពិតជាសរសើរមិនដាច់ពីមាត់ នូវការរៀបចំឆាកសម្ដែងដ៏អស្ចារ្យ។
ជាមួយនឹងសាច់រឿង សម្លៀកបំពាក់ ការរៀបចំ សុទ្ធសឹងតែធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង។ អ្វីដែលសំខាន់ នេះជាការរៀបចំឡើងក្នុងការបើកបង្ហាញពីសម្បត្តិវប្បធម៌ជាតិខ្មែរដ៏ផូរផង់ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយចូលរួមថែរក្សា និង អភិរក្សកុំឱ្យបាត់បង់ជាពិសេស គឺរបាំក្បាច់បុរាណនេះតែម្ដង។
ដោយឡែក ងាកទៅមើលសិល្បករ សិល្បការិនី ពិតជាមានសេចក្ដីរំភើបជាខ្លាំង ព្រោះមើលឃើញថា ការសម្ដែងលើកនេះ មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនខ្លាំង រហូតសំបុត្រលក់អស់មុនថ្ងៃថែមទៀតផង។ ក្នុងនោះសិល្បករ សិល្បការិនីម្នាក់ៗពិតរំជួលចិត្តរំភើបស្ទើរហូរទឹកភ្នែក ព្រោះថាជាភាពជោគជ័យដ៏ធំធេងសម្រាប់សិល្បៈរបាំបុរាណខ្មែរ៕