ក្រុមហ៊ុន Volkswagen សម្ពោធអគារតាំងបង្ហាញរថយន្ត សហការជាមួយក្រុមហ៊ុន HGB Group Co. Ltd.
រាជធានីភ្នំពេញ, ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានប្រារព្ធពិធីបើកសម្ពោធអគារតាំងលក់រថយន្តប្រណីត និង ទំនើបកម្រិតខ្ពស់របស់ខ្លួនហើយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។ ក្រុមហ៊ុន HGB Group Co, Ltd., ជាក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកមួយរបស់កម្ពុជា មានឯកទេសលើវិស័យយានយន្តគ្រប់ធុន F&B ការលក់រាយ និង លក់ទំនិញប្រណីត បានក្លាយជាអ្នកតំណាងចែកចាយស្របច្បាប់របស់ Volkswagen ក្រោយមានការកិច្ចព្រមព្រៀងគ្នាកាលពីចុងឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនទាំង ២ ក៏ចាប់ផ្ដើមបណ្ដាក់ទុនសាងសង់អគារតាំងលក់ដ៏ប្រណីតនេះឡើង ដើម្បីតំណាងម៉ាកផលិតផលសម្រាប់ទីផ្សារកម្ពុជា ។
ភាពជាដៃគូនេះ ក្រុមហ៊ុន HGB Group Co. Ltd. នឹងក្លាយជាអ្នកតំណាងចែកចាយតែមួយគត់ដែលមានលក់រថយន្តតូចៗសម្រាប់គ្រួសារ និង ប្រភេទរថយន្តដឹកអ្នកដំណើរសម្រាប់អាជីវកម្ម ។ អគារតាំងលក់នេះនឹងផ្ដោតសំខាន់លើការលក់រថយន្ត ការផ្ដល់សេវាកម្មរហ័សទាន់ចិត្ត និង មានគ្រឿងបន្លាស់សប្បូរបែប ។ នៅទីនេះក៏ជាកន្លែងតែមួយគត់ក្នុងទ្វីបអាស៊ីដែលមានបំពាក់បច្ចេកវិទ្យាទំនើបបំផុត និង ជាកន្លែងផ្ដល់ប្រឹក្សាយោបល់ក្រោយការលក់ដ៏ល្អបំផុត ដែលមានបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់ ។ នេះជាការវិនិយោគដ៏សំខាន់សំផុតមួយសម្រាប់ក្រុមហ៊ុន HGB Group ដើម្បីបង្កើតកន្លែងថែរក្សាសេវាអតិថិជនដែលមានមាត្រដ្ឋានកម្រិតស្ដង់ដារអន្ដរជាតិ និង ផ្ដល់បទពិសោធន៍ពិតពីក្រុមហ៊ុន Volkswagen ដែលអ្នកអាចជឿទុកចិត្ត ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជា បានបន្តដំណើរឆ្ពោះទៅជាផ្នែកមួយដ៏សំខាន់ក្នុងសហគមន៍អាស៊ាន ដោយមានកំណើនសេដ្ឋកិច្ចថេរ មានស្ថេរភាពនយោបាយល្អ និង ផ្ដោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីលំហូរចូលនៃវិនិយោគទុនបរទេសដែលមិនចេះរីងស្ងួតចូលក្នុងប្រទេស និង ការកើនឡើងនូវចំនួនម៉ាកផលិតផលអន្តរជាតិដែលត្រូវបាននាំចូលដោយក្រុមហ៊ុនក្នុងស្រុក ហើយវាជាមោទនភាពមួយរបស់ក្រុមហ៊ុន HGB Group Co. Ltd ដែលបានក្លាយខ្លួនផ្នែកមួយនៃការអភិវឌ្ឍន៍នេះ ។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន HGB Group ហើយក៏ជាអ្វីក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំផងដែរ នូវការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុន Volkswagen Group ដោយមាន HGB ជាអ្នកតំណាងជាមួយនឹងការផ្ដល់នូវផ្នែកផ្ដល់សេវាកម្មក្រោយពេលលក់ដ៏ខ្លាំង និង មានកន្លែងផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះ រួមនឹងមានបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់ ដែលទាំងនេះជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen សម្រាប់ទីផ្សារកម្ពុជា ។
កម្មវិធីសម្ពោធអគារតាំងលក់រថយន្តប្រណីត Volkswagen មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួន ២៥០ នាក់ និង អ្នកតំណាងក្រុមហ៊ុន HGB Group Co. Ltd លោក Graeme Newport អគ្គនាយករងនៃក្រុមហ៊ុន HGB Group Auto លោក Jan Redecke អ្នកគ្រប់គ្រងទូទៅនៃប្រតិបត្តិការបន្ទាប់ពីការលក់ចេញរបស់ Volkswagen លោក Stefan Behrens អ្នកគ្រប់គ្រងការលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចតំណាងឲ្យក្រុមហ៊ុន Volkswagen និង គណៈធបិតីកិត្តិយសឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយសមាជិកអ្នកសារព័ត៌មាន និង បុគ្គលល្បីល្បាញជាច្រើននៅក្នុងវិស័យពាណិជ្ជកម្ម ៕