ទេសចរណ៍រទេះក្របីកំពុងពេញនិយមខ្លាំង នៅសៀមរាប !
នៅពេលដែលការភ្ជូររាស់លែងសូវត្រូវការគោក្របីនោះ អ្នកនៅខេត្តសៀមរាបបានប្រែក្លាយសត្វក្របីសម្រាប់ដឹកភ្ញៀវទេសចរជំនួសវិញ ដែលពេលនេះមានការទាក់ទាញយ៉ាងខ្លាំង នៅទឹកដីខេត្តសៀមរាប ។
ហើយពេលនេះក្រុមហ៊ុនកូរ៉េ បានបង្កើតរទេះក្របី សម្រាប់ ដឹកភ្ញៀវកម្សាន្តយ៉ាងរីករាយ នៅតំបន់ទេសចរណ៍ ខេត្តសៀមរាប ដែលបច្ចុប្បន្ន សេវាកម្មមួយនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង ពីភ្ញៀវទេសចរបរទេស។ រទេះក្របី ដែលបង្កើតឡើង ដោយក្រុមហ៊ុនទេសចរណ៍កូរ៉េ ទើបនឹងមានវត្តមានរយៈពេល ប្រមាណជាពីរឆ្នាំ នៅលើទឹកដីបារាយណ៍នៃខេត្តសៀមរាប ។ រទេះក្របីនោះ ច្នៃស្រដៀងនឹង រទេះគោដែរ សម្រាប់ទាញអូសរទេះ ដែលមានដំបូលពីលើផងនោះ ។
មគ្គុទេសក៍ទេសចរណ៍មួយរូប បាននិយាយថា លោកមិនបាន ស្គាល់ឈ្មោះក្រុមហ៊ុនកូរ៉េ ដែលបង្កើតរទេះក្របីនោះនៅឡើយទេ តែលោកបានឃើញមានសេវាកម្ម ប្លែកនេះ ប្រមាណជាងពីរឆ្នាំមកហើយ ហើយភ្ញៀវកូរ៉េ រីករាយនឹងសេវាកម្មនេះណាស់ ព្រោះពួកគេមិនធ្លាប់បានឃើញពីមុនមក។ លោកបានបន្តទៀតថា ភ្ញៀវទេសចរ រីករាយក្នុងការជិះមើលទេសភាពវាលស្រែ ដ៏ស្រស់ត្រកាល នៅជុំវិញបារាយណ៍ ។ ចំពោះតម្លៃទស្សនានោះ នៅមិនទាន់ដឹង ច្បាស់នៅឡើយទេ។
លោក កឹម សុវណ្ណ អនុប្រធានសមាគមទ្រទ្រង់មគ្គុទ្ទេសក៍ទេសចរណ៍កូរ៉េ បាននិយាយថា តម្លៃនៃការជិះរទេះក្របីនេះវាអាស្រ័យលើចម្ងាយដែលភ្ញៀវជួលជិះ មានជិះមើលតាមភូមិ វាលស្រែ ចំការ ឬអាចមកដល់ជិតបរិវេណអង្គរក៏មាន ។
ក្រៅពីក្រុមហ៊ុនទេសចរណ៍កូរ៉េមួយនេះ ក៏មានរទេះក្របីរបស់ប្រជាកសិករនៅក្នុង ខេត្តសៀមរាបនេះបង្កើតជាសហគមន៍ដឹកភ្ញៀទេសចរ កម្សាន្ត មើលទេសភាព ធម្មជាតិ និង ទស្សនាតាមប្រាសាទបុរាណផងដែរ ៕
ដោយ៖សុថាត់