កូរ៉េខាងត្បូង ផ្តល់កម្ចី ៦៦,៥៧លានដុល្លារ សម្រាប់សង់មន្ទីរពេទ្យសាកលវិទ្យាល័យសុខាភិបាល
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងផ្តល់ប្រាក់កម្ចីប្រមាណជា ៦៦,៥៧ លានដុល្លារអាមេរិក សម្រាប់សាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាលកម្ពុជាតាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកូរ៉េខាងត្បូងបានបញ្ជាក់ថា កង្វះមន្ទីរពេទ្យសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្កើននូវតម្រូវការជាលំដាប់ សម្រាប់កម្មវិធីសិក្សាគ្លីនិច ដែលមានលក្ខណៈជាប្រព័ន្ធ និង រួមបញ្ចូលគ្នា ដើម្បីផ្តល់បទពិសោធន៍ព្យាបាលបន្ថែមទៀតជាមួយកំណើនអ្នកជំងឺកាន់តែច្រើន សម្រាប់គ្រូពេទ្យដូចជានិស្សិតពេទ្យ ក្នុងការបណ្តុះបណ្តាល ។
គម្រោងសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពី EDCF វានឹងអាចអភិវឌ្ឍអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់តាមរបៀបជាប្រព័ន្ធ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាវេជ្ជសាស្ត្រទំនើបតាមរយៈការផ្គត់ផ្គង់ និង ការដំឡើងឧបករណ៍វេជ្ជសាស្ត្រទំនើប និង ប្រព័ន្ធព័ត៌មានរបស់មន្ទីរពេទ្យ ។
គម្រោងនេះ មានគោលបំណងបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលមានជំនាញវិជ្ជាជីវៈជាមួយគុណភាពល្អនៃការអប់រំ ក៏ដូចជាការផ្តល់មកនូវសេវាសុខភាព ដែលមានគុណភាពខ្ពស់ ដោយការបង្កើតមន្ទីរពេទ្យ ដែលមានគ្រែចំនួន ២០០ ជាមួយបរិក្ខាពេទ្យមានបច្ចេកវិជ្ជាខ្ពស់ ៕
ដោយ៖សុថាត់