អាថ៌កំបាំងទាំង ១០ ដើម្បីជួយ ម៉ាក់ម៉ាក់ ជៀសផុតពីអាការចាញ់កូន
ការមានផ្ទៃពោះ គឺជាដំណើរជីវិតដ៏អស្ចារ្យមួយ ប៉ុន្តែការចាញ់កូនច្រើនតែកើតឡើងជាមួយគ្នាដែរ។ ការចាញ់កូនគឺជារឿងដែលកើតមានជាញឹកញាប់បំផុតលើស្ត្រីមានផ្ទៃពោះ ដោយស្ត្រីខ្លះត្រូវជួបបញ្ហានេះរាល់ថ្ងៃ ខ្លះទៀតជួបតែពេលល្ងាច និងផ្សេងទៀតមិនអាចគេងបានតែម្តង។ ការចាញ់កូន អាចកើតឡើងនៅដើមសប្តាហ៍ទី៦នៃការមានផ្ទៃពោះ ហើយក៏ងាយនឹងមានលក្ខណៈធ្ងន់ធ្ងរនៅជុំវិញសប្តាហ៍ទី ៨និងទី៩ដែរ។ យ៉ាងណាមិញ ស្ត្រីមានផ្ទៃពោះច្រើនតែលែងមានបញ្ហាចាញ់កូននេះទៀតក្រោយពីគេពរពោះបាន ១២ ទៅ ១៤សប្តាហ៍រួច។ ក្នុងពេលដែលអ្នកកំពុងតែចាញ់កូន យកល្អគួរតែព្យាយាមធ្វើទៅតាមវិធីដូចខាងក្រោមនេះឲ្យបានច្រើនផង បើសិនជាអាចធ្វើបាន៖
ស្រង់ក្លិនធម្មជាតិឲ្យបានច្រើនវិញ
ក្លិនផ្សែងឡានម៉ូតូ រហូតដល់ក្លិនទឹកអប់អ្នកធ្វើការជាមួយគ្នា សុទ្ធតែអាចធ្វើឲ្យក្រពះអ្នករើរហូតដល់ចង់ចង្អោក្នុងពេលមានផ្ទៃពោះបានទាំងអស់។ ការចាញ់កូនភាគច្រើនមានជាប់ទាក់ទងនឹងក្លិន។ អ័រម៉ូនអេស្ត្រូជែនមាននាទីលើការស្រង់ក្លិន ហើយបើសិនជាអ័រម៉ូននេះឡើងខ្ពស់ ជាពិសេសក្នុងពេលមានផ្ទៃពោះ ការស្រង់ក្លិនរបស់ច្រមុះអ្នកនឹងខ្លាំងក្លាដូចរ៉ាដាអ៊ីចឹង ដូច្នេះក្លិនអីមិនល្អតិចតួចគឺមិនអាចគេចផុតពីច្រមុះអ្នកទេ ហើយក៏ជារបៀបដែលធ្វើឲ្យអ្នកចង្អោបានដែរ។ ដើម្បីស្រួល យកល្អគួរតែបើកបង្អួចនៅផ្ទះដើម្បីទទួលយកក្លិនបរិសុទ្ធ ឬព្យាយាមទៅតាមទីជនបទដែលមានខ្យល់អាកាសស្រស់ស្រាយវិញ។
និយាយប្រាប់គេឲ្យដឹង
ការមានផ្ទៃពោះគឺជាពេលវេលាអតិភាព ហើយអ្នកក៏ត្រូវតែយល់ថា បើមានបញ្ហាអ្វីកើតឡើងអ្នកត្រូវតែប្រាប់គេឲ្យដឹងផងជាពិសេសអារម្មណ៍របស់អ្នកចំពោះមនុស្សជុំវិញខ្លួន ព្រោះវានឹងជួយសម្រួលដល់ការចាញ់កូនរបស់អ្នកបាន។ ធម្មតា អ្នកធ្វើការជាមួយគ្នាទំនងជាមិនបានដឹងថាក្លិនទឹកអប់ ឬសាប៊ូគេប្រើធ្វើឲ្យអ្នកមានអារម្មណ៍ចង់ចង្អោទេ ឬការថើបរបស់ប្តីអ្នកក៏អាចធ្វើឲ្យចង្អោដែរ ដោយសារតែគេទើបតែញ៉ាំអាហារមានក្លិនមាត់ខ្លាំង និងមិនបានដុសធ្មេញ។ ដូច្នេះចូរប្រាប់ពួកគេដើម្បីផ្លាស់ប្តូរទៅ នោះអ្នកនឹងមានអារម្មណ៍ល្អតាមហ្នឹងដែរ។
បង្គ្រប់ជាតិទឹកក្នុងខ្លួន
អ្នកជំនាញនិយាយថា កាលណារាងកាយខ្វះជាតិទឹកកាន់តែច្រើន អ្នកនឹងចង្អោកាន់តែខ្លាំងថែមទៀត។ ដូច្នេះដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន យកល្អគួរតែធ្វើយ៉ាងណាញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ ដើម្បីស្រួល គួរតែជ្រើសរើសយកការញ៉ាំទឹកធម្មតាឲ្យបានច្រើនជាងភេសជ្ជៈមានជាតិផ្អែម។
ជ្រើសរើសអាហារណាដែលអ្នកអាចញ៉ាំបាន
ទោះបីជាការញ៉ាំអាហារគឺជារឿងចុងក្រោយដែលអ្នកចង់ធ្វើក៏ដោយ ក៏អ្នកត្រូវតែរកអីញ៉ាំដើម្បីបំពេញក្រពះដែរ។ ថ្វីបើវាមិនមានក្បួនណាមួយពិតប្រាកដចំពោះការញ៉ាំអាហារចំពោះស្ត្រីមានផ្ទៃពោះដែលកំពុងតែចាញ់កូនក៏ដោយ តែស្ត្រីភាគច្រើនអាចស្វែងយល់ដោយខ្លួនឯងបាន ថាអាហារណាមួយដែលធ្វើឲ្យពួកគេងាយញ៉ាំ ហើយញ៉ាំបានឆ្ងាញ់ដោយខ្លួនឯង បន្ទាប់មកកត់ចំណាំទុកសម្រាប់ការញ៉ាំនៅថ្ងៃក្រោយទៀត។
ញ៉ាំតិចៗ តែច្រើនដង
នៅពេលនិយាយដល់ការញ៉ាំវិញ ស្ត្រីមានផ្ទៃពោះច្រើនតែចង់ញ៉ាំអ្វីដែលខ្លួនឯងចង់ញ៉ាំ។ ប៉ុន្តែការដែលញ៉ាំច្រើនរហូតដល់ជ្រុលពេក អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការ ហើយក៏បង្កជាការចង្អោ ឬចាញ់កូនបានច្រើនដែរ។ ដើម្បីជួយសម្រួលដល់ក្រពះបែបនេះ យកល្អគួរតែញ៉ាំអាហារតិចៗតែច្រើនដង ដោយធ្វើយ៉ាងណាឲ្យមានអាហារក្នុងពោះទាំងថ្ងៃ និងទាំងយប់ ទើបអាចការពារការចាញ់កូនបាន។
ប្រើខ្ញី
ខ្ញីត្រូវបានគេស្គាល់ជាយូរមកហើយក្នុងការសម្រួលដល់បញ្ហាក្រពះ ហើយការសិក្សាក៏បានបង្ហាញថា វាជួយសម្រួលដល់ការចង្អោដោយសារចាញ់កូនដែរ។ យកល្អគួរតែដាក់ចំណិតខ្ញីមួយដុំទៅក្នុងទឹកក្តៅមួយពែងដើម្បីធ្វើជាតែផឹកទៅ។ អ្នកក៏អាចលាយទឹកឃ្មុំបន្ថែមទៀតបើសិនជាចង់បានរស់ជាតិផ្អែម។
ផ្លាស់ប្តូរអ្វីៗក្នុងកុំព្យូទ័រ
សម្រាប់ស្ត្រីដែលធ្វើការជាមួយកុំព្យូទ័រច្រើន អ្នកប្រហែលជាមិនបានដឹងទេថា ការផ្លាស់ប្តូររឿងខ្លះៗក្នុងកុំព្យូទ័រអ្នកក៏អាចសម្រួលដល់ការចាញ់កូនបានដែរ។ អ្នកអាចសម្រួលដល់ពន្លឺនៅលើកញ្ចក់កុំព្យូទ័រដើម្បីកុំឲ្យភ្នែកប្រឹងខ្លាំងពេក។ ធ្វើអក្សរឲ្យដឹតជាងមុន និងធំជាងមុន។ តែបើអាច គួរតែសម្រាកពីការអង្គុយមុខកុំព្យូទ័រឲ្យបានច្រើនផង ហើយបិទភ្នែកសម្រាក នោះអ្វីៗនឹងស្រួលបួលទៅតាមគ្នាហើយ។
បន្លប់ខ្លួនឯង
ការចង្អោមិនមែនងាយនឹងបន្លប់ឡើយ តែការរកអ្វីមួយដើម្បីបន្លប់វាបាន វានឹងធ្វើឲ្យអ្នកភ្លេចពីវាហើយ។ អ្នកអាចប្រើវិធីអានសៀវភៅ ឬដើររយៈពេលខ្លីខ្លះក៏បានដែរ។ ស្ត្រីខ្លះ អាចបំបាត់ការចង្អោតាមរយៈការហាត់ប្រាណតិចតួច ប៉ុន្តែចូរពិគ្រោះជាមួយគ្រូពេទ្យសិនថា អ្នកធ្វើបានឬអត់។
ប្រើថ្នាំលេប
បើសិនជាអ្នកបានសាកល្បងអស់ហើយ តែមិនមានប្រយោជន៍ទេ យកល្អគួរតែដល់ពេលដែលត្រូវជួបពេទ្យដើម្បីកំណត់ថា អ្នកត្រូវការធ្វើអ្វីបន្ថែមទៀតឬអត់។ ពេលនោះគ្រូពេទ្យអាចចេញជាថ្នាំផ្សំគ្នារវាង វីតាមីន B6 និងថ្នាំជំនួយដល់ការគេង ព្រោះវាត្រូវបានគេរកឃើញថា ជួយបំបាត់ការចង្អោបានខ្លះដែរ។ បើសិនជាថ្នាំទាំងនេះមិនមានប្រសិទ្ធភាពទៀត ការផ្សំចូលគ្នានៃថ្នាំខ្លាំងជាងនេះដូចជា ថ្នាំទប់ការច្រាលអាស៊ីតក្រពះ និងថ្នាំសម្រួលពោះវៀន ក៏ប្រហែលជាមានប្រយោជន៍ដែរ។
គេង
ពេលខ្លះ ដំណោះស្រាយដ៏ល្អបំផុតគឺសាមញ្ញបំផុត។ ចូរសាកល្បងគេងមួយស្របក ដោយការដកដង្ហើមជ្រៅៗ នោះអ្វីៗអាចនឹងធូរស្រាលខ្លះ។ គ្រូពេទ្យភាគច្រើននិយាយថា ការគេងគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីចៀសផុតពីការចាញ់កូន ហើយរាងកាយក៏ត្រូវការវាដែរ។ បើសិនជាអ្នកធ្លាប់មានកូនតូចមួយឬពីរនាក់ ការដែលយកគេទៅផ្ញើរឪពុកម្តាយមើលសិន ក៏អាចជួួយសម្រួលដល់អាការៈអ្នកបានដែរ។ ដើម្បីសម្រួលដល់ការគេង ចូរគេងនៅកន្លែងងឹត និងស្ងាត់ល្អ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន