តាមពិត ស្រះស្រង់ នៅខេត្តសៀមរាបមានរឿងប្រវត្តិបែបនេះសោះ !
បើនិយាយឱ្យចំពាក្យថាស្រះស្រង់គឺជាស្រះសម្រាប់ព្រះរាជាស្រង់ទឹក(ងូតទឹក)ដូច្នេះស្រះនេះគឺមិន មែនមាននាទីស្រោចស្រពកសិកម្មឡើយ ។
ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ ខាងកើតមានបណ្តោយប្រវែង ៧៨០ ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ ទី១២ និង ដើមសតវត្សរ៍ទី ១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាតសាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និង មានតោឈរយាមផ្លូវផងដែរ ។
ស្រះនេះសាងសង់ដោយមានទឹកជាប់ជានិច្ច និង មានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញតែមិនមានប្រព័ន្ធ បង្ហូរទឹកចូលនោះទេ ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និង ទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ ខាងកើត។
បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទី សក្ការៈដូចជាកសិណអង្គរ ឬ បារាយណ៍ជាដើមនោះទេ គឺ កសាងស្រះនេះឡើង សម្រាប់ការកម្សាន្ត របស់ព្រះមហាក្សត្រនាសម័យបុរាណ និង មានកូនប្រាសាទមួយ នៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូក ទៅស្តាប់តន្ត្រីផ្សេងៗ ។
គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំង ពេលដែលមានទឹករាក់ ។ ភាពស្រស់ស្អាតនៃស្រះស្រង់គឺ ដោយសារមានទឹកគ្រប់រដូវកាលរហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់ ៕
ដោយ ៖ ដេវីត