រមណីយដ្ឋានទេសចរណ៍វប្បធម៌ និង ធម្មជាតិភ្នំសំពៅកំពុងមានប្រជាប្រិយភាពខ្លាំង !
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរជាតិ និង បរទេស និយមទៅកម្សាន្ត ហើយ ភ្ញៀវទេសចរក្នុងស្រុក និយមទៅកម្សាន្តនៅថ្ងៃសម្រាក ឬ ថ្ងៃបុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យ ភ្ជុំបិណ្ឌ ៘
រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង តាមដង ផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្ត បើពិនិត្យឱ្យហ្មត់ចត់ភ្នំនេះមានទ្រង់ទ្រាយ ដូចជាសំពៅ មានកម្ពស់ ១០០ ម៉ែត្រ មានកាំ ជណ្តើរជាង ៧០០ កាំ ។
ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនា គឺល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុភ និង ល្អាងប្រចៀវដែលកំពុងមានប្រជាប្រិយបំផុតពីសំណាក់ភ្ញៀវទេសចរបរទេស ។
នៅលើកំពូលភ្នំមានវត្ត មួយឈ្មោះថា វត្តគិរីរម្យ នៅជុំវិញក្បែរភ្នំសំពៅមានចង្កោមភ្នំផ្សេងៗទៀត ដែល មាន ទំនាក់ទំនងជាមួយរឿងព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាង រំសាយសក់ ៘ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ ៕
ដោយ៖ សុថាត់