ប្រាសាទ បន្ទាយសំរ៉ែ មានរចនាប័ទ្មបែបប្រាសាទអង្គរវត្ត តែមិនសូវមានអ្នកស្គាល់ !
ប្រាសាទ បន្ទាយសំរ៉ែ ស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប ប្រទេសកម្ពុជា វាជាប្រាសាទមួយ ដែល បានយកលំនាំតាមរចនាប័ទ្មរបស់ប្រាសាទអង្គរវត្ត ។
ប្រាសាទបន្ទាយសំរ៉ែស្ថិតនៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភូមិប្រដាក នៅខាងត្បូងផ្លូវពីប្រដាកទៅ ភ្នំបូក ។ មិនមានសិលាចារឹកថ្មណា ដែលត្រូវបានគេរកឃើញអំពីប្រាសាទនេះនៅឡើយទេ ។ បើយោងទៅតាមការតុបតែង និង រចនាប័ទ្មសិល្បៈរបស់ខ្លួនការសាងសង់ប្រាសាទ បន្ទាយសំរ៉ែ គឺ ប្រហែលជានៅចុងនៃសតវត្សទី ១១ ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ (១១១៣-១១៥០) ហើយបាន បញ្ចប់នៅក្នុងរជ្ជកាលនៃស្ដេចយសោវរ្ម័នទី២ (១១៥០-១១៦៥) ផងដែរ ។ មានប្រាសាទមួយចំនួនផ្សេងទៀត នៅក្នុងតំបន់អង្គរ ដែលបានកសាងឡើង នៅក្នុងរយៈពេលដូចគ្នា ផងដែរ ដែលមានដូចជា ប្រាសាទចៅសាយទេវតា, បឹងមាលា, ធម្មនន្ទ , មិនតែប៉ុណ្ណោះមានប្រាសាទ ពីរបន្ថែមទៀត ដែលស្ថិតនៅក្នុងប្រទេសថៃ បច្ចុប្បន្នក៏បានកសាងក្នុងអំឡុងពេលដូចគ្នាដែរគឺ ប្រាសាទ ភីម៉ៃ និង ភ្នំរ៉ុង ដែលមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទបន្ទាយសម្រែនេះតែម្តង។ ដូចគ្នាទៅនឹងប្រាសាទអង្គរវត្តដែរ ប្រាសាទបន្ទាយស្រី និង បន្ទាយសម្រែ សុទ្ធតែកសាងឡើង ដើម្បីឧទិ្ទសដល់ព្រហ្មមញ្ញសាសនានិកាយព្រះនារាយណ៍លំនាំតាមរចនាប័ទ្មរបស់ប្រាសាទអង្គរវត្ត ។
មានអ្នកស្រាវជ្រាវជាច្រើនបានស្រាវជ្រាវស្វែងយល់អំពីឈ្មោះនៃប្រាសាទ បន្ទាយសំរ៉ែនេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងច្បាស់អំពីហេតុផលដែលថា ហេតុអ្វីបានជាប្រាសាទនេះទទួលបានឈ្មោះដូច បច្ចុប្បន្ននេះទេ ? ។
សំរ៉ែសំដៅទៅលើក្រុមជនជាតិដើមភាគតិច នៃអ្នកដែលបានរស់នៅ ឬតាំងមូលដ្ឋាននៅភ្នំគូលែន។ បើយោងទៅតាមអត្ថន័យនេះ អ្នកស្រាវជ្រាវខ្លះសន្មតថា ប្រហែលជាមានក្រុមមនុស្សជនជាតិសំរ៉ែនេះ រស់នៅក្នុងតំបន់សាងសង់ប្រាសាទ ទើបពួកគេដាក់ឈ្មោះសម្គាល់ប្រាសាទនេះ ដើម្បីឧទ្ទិសដល់ជន ជាតិភាគតិចនេះ ។ មួយវិញទៀតគឺ តាមអត្ថបទរបស់អ្នកស្រីកែវ ច័ន្ទបូរណ៍ ដែលគាត់បានសរសេរលើ គេហ៍ទំព័ររបស់ខ្លួនមានអត្ថន័យដូចតទៅ ៖ ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទង និង ប្រវត្តិពិត ដែលថានៅម្តុំភូមិ ប្រដាក ដែលកាលដើមឡើយ គឺមានជនជាតិសំរ៉ែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះ មានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកឱ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរ ហើយប្រហែលជាមានអ្វីមួយនៅ បន្ទាយសំរ៉ែនេះ ។ ដូច្នេះ ឈ្មោះនៃប្រាសាទសំរ៉ែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្ត ពិត ដែលទាក់ទង់ទៅ នឹងរឿងព្រេង និង ទីតាំងរូបរាងរបស់ប្រាសាទនេះ ។ ឬក៏ថា មានមន្រ្តីជាន់ខ្ពស់នៃព្រះបាទ សូរ្យវរ្ម័នទី២ ដែលទទួលខុសត្រូវក្នុងការកសាងប្រាសាទនេះ ជាជនជាតិសំរ៉ែ ។ ដូច្នេះទើបព្រះមហាក្សត្របានប្រទានឈ្មោះប្រាសាទនេះ ដើម្បីបង្ហាញពីការដឹងគុណរបស់ទ្រង់ ចំពោះ ជនជាតិនេះ ប៉ុន្តែទោះជាយ៉ាងណា ក៏ពុំទាន់មានហេតុផលណា ដែលច្បាស់លាស់នោះទេ ៕
ដោយ ៖ ដេវីត