កុមារកម្ពុជា ដែលគ្មានលទ្ធភាព បានវិលត្រឡប់មកវិញហើយ បន្ទាប់ពីវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយជោគជ័យនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ប្រទេសថៃ (វីដេអូ)
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ៖ កុមារកម្ពុជាដែលគ្មានលទ្ធភាពចំនួន ៧ នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីពួកគេទទួលបានការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយជោគជ័យនៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ ស្ថិតក្រោមគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ។ គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ជាគម្រោងមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីប្រើប្រាស់ជំនាញឯកទេស និង ធនធានផ្ទាល់របស់មន្ទីរពេទ្ យបំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារដែលគ្មានលទ្ធភាពក្នុងបណ្តាប្រទេសជិតខាង ។
នៅក្នុងប្រទេសកម្ពុជា គម្រោងនេះជាកិច្ចសហប្រតិបត្តិការគ្នារវាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយនឹងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ម៉ែត និង ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា ។
បន្ទាប់ពីកូនរបស់គាត់ទទួលបានជោគជ័យក្នុងការវះកាត់ ឪពុកម្តាយរបស់កុមារម្នាក់បានបង្ហាញនូវសេចក្តីរំភើប រីករាយ ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន ហើយបាននិយាយឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្ត និង ត្រេកអរមែនទែន នៅពេលដែលខ្ញុំបានឃើញគាត់មានសុខភាពល្អ និង ស្រស់ស្រាយជាងពេលដែលគាត់ឈឺ និង មានសភាពធម្មតាបន្ទាប់ពីការវះកាត់រួច ។ ក្នុងនាមជាឪពុកម្តាយ ពិតជារកអ្វីមកប្រដូចមិនបានឡើយ ពេលឃើញកូនមានសុខភាពល្អ ហើយជាសះស្បើយពីជំងឺ គិតទៅដូចបានទទួលនូវជីវិតថ្មីដូច្នេះដែរ» ។
ឪពុកម្តាយរបស់អ្នកជំងឺក៏បានសង្កត់ធ្ងន់អំពីសេវាកម្ម និង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យដែលកូនរបស់ពួកគាត់បានសម្រាកព្យាបាលផងដែរ ។ ពួកគាត់និយាយថា មន្ទីរពេទ្យនេះ គឺល្អណាស់ ។ វេជ្ជបណ្ឌិត និង គិលានុបដ្ឋាកទាំងអស់ តែងតែបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ហើយតែងតែផ្លាស់ប្តូរវេនគ្នាប្រចាំការ ដើម្បីតាមដានស្ថានភាពអ្នកជំងឺគ្រប់ពេលវេលា ។
«ពិតជាល្អណាស់! ទាំងសេវាកម្ម ថ្នាំពេទ្យ បរិក្ខារពេទ្យ និង ទាំងបរិយាកាសនៅក្នុងមន្ទីរពេទ្យ ។ ចំពោះគ្រូពេទ្យវិញ ពួកគាត់មានភាពរួសរាយរាក់ទាក់ មានការសន្តោស ហើយឧស្សាហ៍មកត្រួតពិនិត្យសុខភាពកូនខ្ញុំជាប់ជានិច្ច ដោយខ្លាចកូនខ្ញុំគាត់មិនសូវស្រួល និង យកចិត្តទុកដាក់ដល់អ្នកជំងឺ មិនថាពេលថ្ងៃ ឫពេលយប់នោះទេ ។ ចំណែកឯការស្នាក់នៅ និង ការហូបចុកសម្រាប់ពួកខ្ញុំក្នុងអំឡុងពេលនៅទីនោះវិញ និយាយទៅពិតជាល្អមែនទែន» ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្ យបំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារដែលគ្មានលទ្ធភាពនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេស មីយ៉ាន់ម៉ា និង វៀតណាមជាដើម ហើយឆ្នាំនេះ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ។ ចាប់តាំងពីឆ្នាំ ២០០៣ មក គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៨២ នាក់រួចមកហើយនៅក្នុងប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេមានជីវិតស្រស់បំព្រងពោរពេញទៅដោយក្តីសង្ឃឹមសារជាថ្មីឡើងវិញ ។
តាមរយៈក្តីសន្តោស និង ការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ និង ម្ចាស់ជំនួយទាំងអស់ ឳពុកម្តាយរបស់កុមារបានលើកឡើងថា «ក្នុងនាមជាប្រជាជនកម្ពុជា យើងសូមថ្លែងអំណរគុណ និង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក និង ដៃគូទាំងអស់នៃមូលនិធិនេះ ជាពិសេសមូលនិធិមន្ទីរពេទ្ យបំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលបានទទួលយកកូនរបស់ខ្ញុំ និង កុមារដទៃទៀត ដើម្បីព្យាបាលវះកាត់ជំងឺបេះដូងពីកំណើត និង ថែទាំដោយឥតគិតថ្លៃ ជាពិសេសសម្រាប់ការចំណាយផ្សេងៗ និង ការស្នាក់នៅក្នុងមន្ទីរពេទ្យ ។ នេះជាជំនួយដ៏ធំសម្រាប់ប្រជាជនកម្ពុជា»៕
អំពី មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់
មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ក្នុងគោលបំណងផ្តល់ជូននូវការថែទាំសុខភាពដល់ប្រជាជនថៃ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបាននូវសេវាកម្មសុខភាពដោយឥតគិតថ្លៃ ចាប់ពីការពិនិត្យសុខភាពរហូតដល់ការវះកាត់សង្គ្រោះជីវិតសម្រាប់កុមារដែលមានជំងឺបេះដូង ហើយមូលនិធិនេះត្រូវបានដាក់ឈ្មោះថា មូលនិធិសប្បុរសធម៌ព្យាបាលជំងឺបេះដូង ។
អំពី មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានបើកដំណើរការនៅឆ្នាំ ១៩៨០ ជាមន្ទីរពេទ្យឯកជនដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ។ នៅឆ្នាំ ២០០២ បំរ៉ុងរ៉ាត់ បានក្លាយជាមន្ទីរពេទ្យដំបូងបង្អស់នៅអាស៊ី ដែលត្រូវបានពិនិត្យ និង ទទួលស្គាល់ដោយគណៈកម្មការចម្រុះ ដែលជាផ្នែកមួយនៃស្ថាប័នដូចគ្នា ដែលទទួលស្គាល់ពីមន្ទីរពេទ្យនៅអាមេរិកផងដែរ ។ អ្នកជំងឺជាង ១,១ លាននាក់ មកពីជាង ១៩០ ប្រទេសផ្សេងៗគ្នា ត្រូវបានព្យាបាលជារៀងរាល់ឆ្នាំ ។ មន្ទីរពេទ្យនេះផ្តល់ជូននូវឯកទេសវេជ្ជសាស្ត្រ និង ឯកទេសរងចំនួនជាង ៨០ ជាមួយនឹងសេវាកម្មថែទាំសុខភាពល្អបំផុត ដែលមានអ្នកជំងឺសម្រាកនៅពេទ្យចំនួនជាង ៤០០ នាក់ និង អ្នកមកព្យាបាលជំងឺចំនួន ៣០០០ នាក់ជារៀងរាល់ថ្ងៃ ៕