ដល់ម្ល៉ឹងផង ! គ្រាន់តែ ១ ឆ្នាំសោះ Nokia បញ្ចេញទូរស័ព្ទដល់ទៅ ១២ ប្រភេទ !
ភ្នំពេញ ប្រទេសកម្ពុជា, ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ ៖ HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទNokia បានប្រារព្ធពិធីខួបកំណើតលើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ ។ ក្នុងរយៈពេលត្រឹមតែ ១២ ខែប៉ុណ្ណោះ ក្រុមហ៊ុន HMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន ៥ ប្រភេទ និង ទូរស័ព្ទចុចប៊ូតុងចំនួន ៧ ប្រភេទនៅលើទីផ្សារ ១៧០ ប្រទេស និង បានបញ្ចូលភាសាចំនួន ៤៨ ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុននាពេលអនាគត ។ សមិទ្ធិផលថ្មីៗទាំងនេះបានឈ្នះពានរង្វាន់ជាង ២០ ពីសមាជទូរស័ព្ទពិភពលោក(Mobile World Congress) ឆ្នាំ ២០១៧ និង ត្រូវបានលក់អស់យ៉ាងលឿនបំផុតនៅលើទីផ្សារទូទាំងពិភពលោក ។
សូមរំឭកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ ។ ក្នុងរយៈពេល ៦ ខែ មានNokia ស្មាតហ្វូនចំនួន ៥ ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។
ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង ៥ ប្រភេទទៀតក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរស័ព្ទដែលពេញនិយមខ្លាំង និង មានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក ។ សមិទ្ធផលថ្មីៗទាំងនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និង ផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ។ មានអ្នកគាំទ្រជាងមួយលាននាក់បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរស័ព្ទពិភពលោក (Mobile World Congress) ។
ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង ២០០ លានដង និង ទស្សនាក្នុងគេហទំព័រមានរហូតដល់ជាង ៨៧ លានដង ។ ជាមួយគ្នានេះដែរអ្នកគាំទ្រប្រមាណ ២.២ លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និង អបអរសាទរផងដែរ ។
លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា៖ «បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យនេះជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់យើងទាំងអស់ចំពោះការឆ្លើយតបដ៏មានតម្លៃ ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និង ផ្ដល់ទំនុកចិត្តពួកគេចំពោះទូរសព្ទ័ Nokia ថ្មីរបស់យើង ។ ទាំងនេះបង្ហាញពីគុណតម្លៃនៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និង អ្វីដែលពួកគេចង់បានពីការប្រើប្រាស់ទូរស័ព្ទ។ ជាមួយនិងភាពរីកចម្រើនដែល យើងបានបង្កើត និង ការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើបនឹងសមិទ្ធផលថ្មីៗផ្សេងទៀតដែលនឹងមកដល់ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់យើង និង អ្នកគាំទ្រទាំងអស់របស់យើង» ។
គ្រួសារ Nokia តែងតែជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ត្រូវតែទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់មិនមែនត្រឹមតែម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ ។ ជាមួយទស្សនវិស័យនៃការរចនាដ៏ប៉ិនប្រសប់ និង សមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និង បញ្ចូលទៅក្នុងរចនាបថរបស់ទូរស័ព្ទ ។
កន្លងមកក្រុមការងារបានខិតខំច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ។ គូសបញ្ជាក់លើលក្ខណៈពិសេសនៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពនៃទូរសព្ទម៉ាក Nokia ភាពសាមញ្ញ និង អាចជឿទុកចិត្តបានរាល់ទូរស័ព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើងសម្រាប់អ្នកគាំទ្រជំនាន់ថ្មីគ្រប់វ័យ ៕
សម្រាប់ព័ត៌មានបន្ថែមអំពីទូរសព្ទ Nokia គ្រប់ប្រភេទសូមចុច៖ https://www.nokia.com/en_int/phones/
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យព័ត៌មាន៖
HMD Press Office: press@hmdglobal.com
អំពីក្រុមហ៊ុន HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវទូរស័ព្ទ Nokia ស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និង គុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទ និង ថេប្លេតម៉ាក Nokia ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com ។