ក្រុមហ៊ុនសាមសុង ចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»
យោងតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា បានឲ្យឃើញថា ក្នុងឆ្នាំ ២០១៥ មានមនុស្សបាត់បង់ជីវិតចំនួន 2,265 និង រងរបួស 15,000 ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ។ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុនសាមសុង បន្តជំរុញគំនិតផ្តួចផ្តើមសហគមន៍ក្នុងប្រទេសកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ។
ដោយទទួលបានភាពជោគជ័យ និង ការបន្តគាំទ្រយ៉ាងធំធេងពីក្រសួងអប់រំ យុវជន និង កីទ្បា ពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» បានធ្វើទ្បើងកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និង កីទ្បា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៩៨០ នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង កីទ្បា បានមានប្រសាសន៍ថា ៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមធ្វើជាសាក្ខីភាពនៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជំរុញឲ្យយើងទាំងអស់គ្នាយល់ដឹងជាសាធារណៈអំពីវិធានការ ការពារអាយុជីវិតប្រជាជនកម្ពុជា និង លើកស្ទួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយដែលបានសហការជាមួយក្រសួងអប់រំយុវជន និង កីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើតពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់ សាមសុង Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង ។ សាររបស់ខ្ញុំជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះកង់ ឬ ម៉ូតូ ដើម្បីការពារខ្លួន និង មនុស្សជុំវិញអ្នកពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុ និង កាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ» ។
កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង និង តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលមានវត្តមានក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ «ក្នុងនាមជាមនុស្សធម្មតាដែលមានអាជីពជាអ្នកចម្រៀងម្នាក់ ខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះជាមួយក្រុមហ៊ុនសាមសុង ព្រោះនាងខ្ញុំធ្លាប់ឃើញឧប្បត្តិហេតុ និង សោកនាដកម្មផ្សេងៗដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងខ្ញុំ សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតយើងទាំងអស់គ្នាព្រោះអាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់» ។
ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សក៏បានទទួលការបណ្តុះបណ្តាលពីប៉ូលិសចរាចរក្រោមប្រធានបទស្តីពីការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង ១.០០០ ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍ ។ គោលដៅដ៏សំខាន់បំផុតនៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និង សេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អជូនទៅកាន់សិស្សានុសិស្សទាំងអស់ ៕