ថវិកាសប្បុរសធម៌ចំនួន ២៨.៨៨៨ ដុល្លារ ដែលបានមកពីពិធីបុណ្យសពឧបាសិកា លាង យ៉េក ត្រូវបានប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា
ថវិកាសប្បុរសធម៌ចំនួន ២៨.៨៨៨ ដុល្លារបានពីពិធីបុណ្យសពឧបាសិកា លាង យ៉េក បានឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ហើយនៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមគ្រួសារនៃសពឧបាសិកា លាង យ៉េក បាននាំយកថវិកា ២៨.៨៨៨ ដុល្លារប្រគល់ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ។
ថវិកាខាងលើនេះ បានពីការចូលបច្ច័យបុណ្យសពរបស់ឧបាសិកា លាង យ៉េក ដែលបានធ្វើមរណកាលនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១៨ នាទីយប់រំលងអាធ្រាត្រកន្លងទៅក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ ។ ឧបាសិកា លាង យ៉េក កាលលោកយាយនៅមានជីវិតបានកសាងក្រុមគ្រួសារធំមួយ និង ទទួលបានការគោរពរាប់អានពីញាតិមិត្តជិតឆ្ងាយជាច្រើននៅក្នុងសង្គម ។ ឧបាសិកា លាង យ៉េក និង ក្រុមគ្រួសារ ជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមដូចជាសាងសង់សាលារៀន វត្តអារាម និង ផ្លូវថ្នល់ ជាដើម ។
ដើម្បីបន្តអនុវត្តគំរូដ៏ល្អរបស់លោកយាយ ដែលធ្លាប់បានធ្វើកាលដែលលោកយាយនៅមានជីវិតនៅឡើយ កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត របស់ឧបាសិកា លាង យ៉េក បានសម្រេចយកបច្ច័យបុណ្យសពរបស់លោកយាយមកចូលរួមសកម្មភាពជួយសង្គមតាមរយៈការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និង កំពុងតែជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ។ សារថ្លែងអំណរគុណពីក្រុមគ្រួសារនៃសពឧបាសិកា លាង យ៉េក ៖
យើងខ្ញុំជាកូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត ទាំងអស់នៃសពឧបាសិកា លាង យ៉េក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ និង ផ្ញើរសាររំលែកមរណទុកដល់ក្រុមគ្រួសារនៃសពរបស់យើងខ្ញុំទាំងអស់គ្នា ។ ដោយអំណាចផល្លានិសង្ឃដែលកើតពីសទ្ឋាជ្រះថ្លារបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ សូមឱ្យប្រកបនូវបញ្ញាស្មារតីមោះមុត ក្នុងការប្រកបការងារ ភារកិច្ចទាំងពួង ទៅតាមសេចក្តីប្រាថ្នារៀងៗខ្លួន និង សូមជួបប្រទះ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀនឃ្លាតឡើយ ៕