EVA Air ប្ដេជ្ញានាំមកនូវបទពិសោធថ្មី និង សេវាកម្មកាន់តែប្រសើរ បន្ទាប់ពីជោគជ័យក្នុងកម្មវិធី Paper Plane ( យន្តហោះក្រដាស ) របស់ខ្លួន
ភ្នំពេញ ថ្ងៃទី ៣១ ខែធ្នូ ២០១៨ ៖ ព្រឹត្តិការណ៍ Paper Plane (យន្តហោះក្រដាស) ដ៏កក្រើករបស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air រៀបចំឡើងកាលពីថ្ងៃទី ២៩ ធ្នូ ២០១៨ កន្លងទៅនៅផ្សារទំនើបអ៊ីអន ភ្នំពេញ Daylight Plaza ជាន់ផ្ទាល់ដី បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត ដោយទទួលបានការចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមគ្រប់ស្រទាប់វណ្ណៈលើសពីការរំពឹងទុក ។
កម្មវិធីដ៏អស្ចារ្យក្រោមប្រធានបទ «ស្វែងរកក្ដីសុបិនរបស់អ្នក» ដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ នេះ មិនត្រឹមតែបាននាំមកជូននូវព័ត៌មានច្បាស់លាស់ជាអត្ថប្រយោជន៍ និង ជម្រើសសេវាកម្មធ្វើដំណើរតាមជើងហោះហើរដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវកម្មវិធីកម្សាន្ត និង សកម្មភាពសប្បាយៗជាច្រើនទៀតសម្រាប់អ្នកចូលរួមនៅកន្លែងតែមួយ ។
ដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៨ យប់ កម្មវិធី Paper Plane មានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន និង គ្រប់វ័យ បានមកចូលរួមលេងហ្គេមកម្សាន្តប្លែក សប្បាយៗដ៏សម្បូរបែបដែលបង្កប់អត្ថន័យផ្ដោតសំខាន់លើក្ដីសុបិន និង ការធ្វើដំណើរទៅគ្រប់ទិសទី ព្រមទាំង
មានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតផង ។
ក្នុងនោះក៏មានការប្រគំតន្ត្រីផ្ទាល់ជាមួយវត្តមានរបស់ក្រុមតន្ត្រីវ័យក្មេង SmallWorldSmallBand ក្រុមតូច ft PEACE CHONG ក្រោមសំឡេងហ៊ោកញ្ជ្រៀវគាំទ្រយ៉ាងសប្បាយរីករាយពីសំណាក់អ្នកចូលរួម ពិសេសបទចម្រៀងថ្មី «សុបិនលើវេហា» ដែលត្រូវបាននិពន្ធឡើងជាពិសេសសម្រាប់កម្មវិធីនេះផងដែរ ។
បន្ទាប់ពីបានធ្វើការប្រគល់រង្វាន់ជូនដល់អ្នកឈ្នះទាំងអស់ក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនអាកាសចរណ៍ EVA Air ក៏បានសម្ដែងនូវក្ដីសាទរសោមន្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកចូលរួម ព្រមទាំងអតិថិជនទាំងអស់ដែលបានចូលរួម
កម្មវិធីនេះ។ ជាមួយគ្នានេះដែរ ក្នុងនាមជាសមាជិក Star Alliance ដែលឈ្នះជ័យលាភី World’s Safest Airline 5 ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនក៏បានបង្ហាញពីមោទនភាពចំពោះអតិថិជនរបស់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាដែលជានិច្ចកាលតែងតែផ្ដល់នូវទំនុកចិត្ត និង ការគាំទ្រសេវាកម្មរបស់ខ្លួន ដែលនេះជាកាតាលីករយ៉ាងសំខាន់ជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការកែលម្អ និង លើកកម្ពស់គុណភាពសេវាកម្មរបស់ខ្លួនឲ្យឈានទៅកាន់កម្រិតខ្ពស់ និង ប្រសើរឡើងថែមទៀត ។
តាមរយៈភាពជោគជ័យដ៏អស្ចារ្យរបស់ខ្លួនសម្រាប់កម្មវិធី Paper Plane នេះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air ប្ដេជ្ញាបន្តផ្ដល់ជូននូវបទពិសោធថ្មីៗ និង សេវាកម្មប្រកបដោយគុណភាពកាន់តែទំនើប ទាន់សម័យ និង មានភាពច្នៃប្រឌិតខ្ពស់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សម្បូរបែបរបស់អតិថនរបស់ខ្លួន ក៏ដូចជាសន្យាថានឹងនាំមកជូននូវព្រឹត្តិការណ៍ថ្មីៗ ក្នុងឆ្នាំបន្តបន្ទាប់ទៀតផងដែរ ។
សម្រាប់ព័ត៌មានអំពីសេវាកម្ម និង ព្រឹត្តិការណ៍ថ្មីៗ សូមកុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់ EVA Air តាមរយៈ https://www.facebook.com/evaairwayscorp.kh/ ឬចូលទៅកាន់ http://www.evaair.com ។
អំពីក្រុមហ៊ុនអាកាសចរណ៍ EVA Air៖
EVA Air គឺជាក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ធំជាងគេលំដាប់ទី ២ ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៨៩ មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិ Taoyuan ជិតទីក្រុងតៃប៉ិ តៃវ៉ាន់ ។ បច្ចុប្បន្ន EVA Air ធ្វើប្រតិបត្តិការសេវាកម្មដឹកអ្នកដំណើរ និង ជញ្ជូនទំនិញទិសដៅអន្តរជាតិជាង ៦០ ប្រទេស ទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និង អាមេរិកខាងជើង ។
ដោយកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និង សុវត្ថិភាព អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ EVA Air ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ថ្នាក់កំពូលលំដាប់ផ្កាយ ៥ ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ SKYTRAX ដែលមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ រួមទាំង EVA Air ។
EVA Air ក៏ជាសមាជិក Star Alliance ដែលផ្ដល់ជូនអ្នកដំណើរទាំងអស់នូវភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ទិសដៅអន្តរជាតិជាង ១៣៣០ កន្លែងក្នុងបណា្ដប្រទេសជាង ១៩២ ប្រទេសទូទាំងពិភពលាក ៕