ស្រ្តីមានផ្ទៃពោះក្នុងសម័យបច្ចុប្បន្ន គួរស្វែងយល់ពីថ្នាំពេទ្យដែលមានសុវត្ថិភាព
ស្ត្រីមានផ្ទៃពោះនៅតែអាចប្រើប្រាស់ថ្នាំលេបបាន ប៉ុន្តែគួរប្រើក្នុងបរិមាណតិចតួច និង មានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យតែប៉ុណ្ណោះ ។ នៅពេលស្ត្រីមានផ្ទៃពោះ ការព្យាបាលជំងឺសាមញ្ញខ្លះក៏អាចបង្ករបញ្ហាស្មុគស្មាញខ្លះដែរ ព្រោះត្រូវបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ។
ការពិតគឺថាថ្នាំពេទ្យភាគច្រើនក៏មានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងអំឡុងមានផ្ទៃពោះផងដែរ ។ ខាងក្រោមនេះជាជម្រើសមួយចំនួនដែលជួយស្ត្រីស្វែងយល់ពីសុខភាព និង ជួយបំបាត់ការឈឺចាប់ដោយប្រការណាមួយនៅអំឡុងពេលមានផ្ទៃពោះ ។
បំបាត់ការឈឺចាប់
ការប្រើក្រណាត់កំប្រេះត្រជាក់អាចជួយកាត់បន្ថយការឈឺចាប់បានជាពិសេសបញ្ហាឈឺក្បាល និង ឈឺសាច់ដុំក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែប្រសិនបើអ្នកត្រូវការឱ្យជាធូរស្បើយបន្ថែមទៀតនោះ អ្នកគួរទៅជួយគ្រូពេទ្យជំនាញហើយ ។ គ្រូពេទ្យអាចណែនាំឱ្យអ្នកប្រើថ្នាំមានសារធាតុអាសេតាមីណូហ្វេន និង ថ្នាំមួយចំនួនទៀតទៅតាមស្ថានភាពជំងឺ និង ដើម្បីសុវត្ថិភាព ។
ផ្តាសាយនិងអាល់ឡែកហ្ស៊ី
មានស្ត្រីតិចតួចណាស់ដែលអាចឆ្លងកាត់ខែទី ៩ ដោយមិនធ្លាប់កើតរោគផ្តាសាយឬបញ្ហាអាល់ឡែកហ្ស៊ីនោះ ។ មធ្យោបាយដែលមានសុវត្ថិភាពបំផុតគឺត្រូវព្យាយាមប្រើវិធីបែបធម្មជាតិដូចជា សម្រាកឱ្យបានច្រើន ផឹកទឹកអោយបានច្រើន (ទឹកក្ដៅឧណ្ហៗ) ។ ប្រសិនបើរោគសញ្ញាជំងឺផ្តាសាយឬអាល់ឡែកហ្ស៊ីប៉ះពាល់ខ្លាំងធ្វើឱ្យពិបាកគេង និង បរិភោគ អ្នកអាចទៅជួបគ្រូពេទ្យជំនាញបានដើម្បីទទួលការណែនាំ និង ថ្នាំលេបព្យាបាល ជាពិសេសប្រសិនបើអ្នកឆ្លងកាត់ត្រីមាសដំបូង ។
ប៉ះពាល់ប្រព័ន្ធរំលាយអាហារ
អាការចុកពោះ ក្រហាយក្នុងពោះ ទល់លាមក និង ជំងឺឬសដូងបាតក្តី គឺជាបញ្ហាសុខភាពមួយក្នុងចំណោមអាការរោគមួយចំនួនក្នុងចំណោមស្ត្រីមានផ្ទៃពោះ ដែលបញ្ហានេះអាចដោះស្រាយបានតាមរយៈការប្រើប្រាស់ថ្នាំលេប ។ ហើយស្ត្រីគួរជៀសវាងការបរិភោគក្នុងបរិមាណច្រើនៗពេក ជាពិសេសនៅពេលមុនចូលគេង ។
ប្រើឱសថមានវេជ្ជបញ្ជាត្រឹមត្រូវ
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកប្រាប់ពីថ្នាំលេបក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកត្រូវប្រាកដថាថ្នាំនេះមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នក និង មិនបង្ករឱ្យមានបញ្ហាអ្វីមួយនៅពេលព្យាបាល ។ ការពិតថ្នាំអង់ទីប៊ីយោទិក តែងត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាជាញឹកញាប់ដល់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីព្យាបាលការឆ្លងមេរោគបាក់តេរីផ្សេងៗ ។ ថ្នាំទាំងនេះត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពសម្រាប់ម្តាយ និង ទារក ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនផងដែរ ៕ សុផល (ប្រភព៖ www.parents.com)