ឡើងផ្ទុយពីគ្នាស្រឡះ! អ្នកផលិតមីល្ពៅត្បូងឃ្មុំ បើកដៃឲ្យគេវិនិយោគ ព្រោះហេតុផលទាំងនេះ
ស្រេង លីហេង ដែលបញ្ចប់ការសិក្សាផ្នែកធ្វើនំនៅរាជធានីភ្នំពេញ អាចផលិតមីល្ពៅបានដោយជោគជ័យ មានរសជាតិឆ្ងាញ់ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកខេត្តត្បូងឃ្មុំ ។ ផ្ទុយស្រឡះពីអ្នកផលិតមីល្ពៅនៅបាត់ដំបងតែម្ដង យុវជនវ័យក្មេង លីហេង បានប្រាប់ «ប្រជាប្រិយ» ថា លោករីករាយស្វាគមន៍អ្នកវិនិយោគទាំងក្នុង និង ក្រៅប្រទេស ដែលមានបំណងចង់ចូលរួមក្នុងការផលិតមីល្ពៅឲ្យកាន់តែធំ ។
បុគ្គលទី ២ ដែលរកឃើញរូបមន្តផលិតមីល្ពៅនេះបាននិយាយថា «ទាក់ទងនឹងអាជីវកម្មដែលផលិតខ្នាតធំ ប្រសិនបើមានបងប្អូនណា ឬ អ្នកណាដែលមានបំណងចង់វិនិយោគទុន គឺខ្ញុំស្វាគមន៍យ៉ាងរីករាយ ។ ពិសេសបើមានបងប្អូនណាមានបច្ចេកទេសក្នុងការសម្ងួតមីនេះ ហើយចង់ចែករំលែកបទពិសោធន៍មកខ្ញុំ ខ្ញុំក៏រីករាយស្វាគមន៍ដូចគ្នា» ។
ចំពោះមូលហេតុសំខាន់ដែលលោកបើកឱកាសឲ្យអ្នកវិនិយោគ ព្រោះបច្ចុប្បន្ននេះមានតម្រូវការច្រើន រីឯការផលិតរបស់លោកនៅតែជាលក្ខណៈគ្រួសារធ្វើឲ្យការផ្គត់ផ្គង់មិនទាន់ទៅតាមតម្រូវការនៅឡើយ ។ លីហេង ប្រាប់ថា ក្នុងរយៈពេល ១០ ម៉ោង លោកផលិតបានតែ ១០០ គីឡូមីតែប៉ុណ្ណោះ ចំណែកឯតម្រូវការគឺលើសនេះ ។ ដូច្នេះហើយបើមានការវិនិយោគគឺល្អបំផុត អាចផ្គត់ផ្គង់បានគ្រប់គ្រាន់នៅលើទីផ្សារ ពង្រឹងអាជីវកម្មឲ្យកាន់តែរឹងមាំ ពិសេសនោះប្រសិនបើអាជីវកម្មរីកដុះដាលកាន់តែធំ ក៏ជួយផ្ដល់ការងារដល់យុវជនកម្ពុជាទៀតផង ។
ដោយឡែកពាក់ព័ន្ធនឹងមីល្ពៅនៅបាត់ដំបងវិញលោកលើកឡើងថា បើមីល្ពៅបានចុះបញ្ជីកម្មសិទ្ធិបញ្ញា ដាក់ថាមីល្ពៅបាត់ដំបង លោកក៏អាចចុះបញ្ជីបានដូចគ្នា ជាមីល្ពៅមេមត់ ព្រោះក្នុងសេដ្ឋកិច្ចទីផ្សារសេរី មានផលិតផលដូចគ្នាជាច្រើនលើទីផ្សារ សំខាន់ថាតើអាជីវកម្មណាដែលកាន់កាប់លើទីផ្សារបានច្រើនជាងប៉ុណ្ណោះ ៕
ដោយ ៖ រាជ