ថ្មីៗនេះសារព័ត៌មាន Khaosod បានរាយការណ៍ពីរឿងរ៉ាវការបញ្ចប់ជីវិតអង្គឯងរបស់ចៅអធិការវត្តមួយអង្គ ក្រោយពីមានម្ចាស់កឋិនមកបោកឱ្យខ្ចីលុយញាតិញោមចំនួនជិត ២ ម៉ឺនដុល្លារ រួចប្រមូលរត់បាត់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងវត្តមួយកន្លែង នាខេត្តអាយុធ្យា ដោយកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មានកូនសិស្សបានប្រទះឃើញចៅអធិការវត្តដែលមានព្រះជន្ម ៦៨ វស្សា បានចងកនៅនឹងបង្អួចកុដិ ទើបនាំគ្នាផ្អើលឆោឡោ។
យ៉ាងណាមិញ ក្នុងនោះចៅអធិការវត្តបានទុកសំបុត្រមួយច្បាប់ ដោយបានរៀបរាប់ឱ្យដឹងថា មានបុរសម្នាក់បានសូមខ្លួនមកចូលជាម្ចាស់កឋិន ហើយបានព្យាយាមមកស្និទ្ធស្នាលជាមួយនឹងលោកជារឿយៗ រហូតបានឱ្យលោកខ្ចីលុយញាតិញោមប្រមាណជិត ២ ម៉ឺនដុល្លារឱ្យ រួចក៏បានយកលុយរត់បាត់ មិនគិតគូរសងវិញឡើយ ទើបលោកពិបាកចិត្តខ្លាំងពេក ក៏បានសម្លាប់ខ្លួនតែម្តង។ ដោយឡែក បុរសជាជនសង្ស័យនោះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនបានសម្រេចក្នុងករណីឆបោក ហើយកំពុងតែត្រូវគេសាកសួរ ដើម្បីបន្តដំណើរទៅតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ Khaosod