នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ម្ចាស់ក្រុមហ៊ុន Crypto ជនជាតិចិន Justin Sun បានចេញមុខមកធ្វើតាមការសន្យា ដោយបានបកផ្លែចេកដែលលោកដេញថ្លៃបានក្នុងតម្លៃ ៦.២ លានដុល្លារញ៉ាំនៅមុខអ្នកកាសែត និង influencers ក្នុងស្រុក។
ក្រោយបក និង ខាំមួយម៉ាត់ដំបូង លោក Justin Sun បាននិយាយថា៖ «ចេកនេះពិតជាល្អជាងចេកដទៃមែន។ វាពិតជាឆ្ងាញ់ណាស់»។ បន្ថែមពីនេះ លោកក៏បានបង្ហាញអារម្មណ៍ទៀតថា៖ «ញ៉ាំវានៅក្នុងសន្និសីទកាសែតបែបនេះក៏ជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់សិល្បៈដែរ»។
គួររំឭកថា សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងដែលមានឈ្មោះថា «Comedian» ត្រូវបានបង្កើតឡើងដោយសិល្បករអ៊ីតាលីម្នាក់ឈ្មោះ Maurizio Cattlelan ក្នុងឆ្នាំ ២០១៩។ សិល្បៈរបស់លោកបង្កើតឡើងដោយការយកផ្លែចេកមួយផ្លែដែលលោកទិញពីផ្សារមួយកន្លែងនៅក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក យកមកបិទស្កុតជាប់ទៅនឹងជញ្ជាំង៕
ប្រភព៖ CNA