អ្នកទេសចរជនជាតិសិង្ហបុរីម្នាក់បានស្លាប់ភ្លាមៗ ក្រោយទៅធ្វើការម៉ាស្សារាងកាយក្នុងហាងមួយកន្លែងនាឆ្នេរ Patong កោះភូកេត ប្រទេសថៃ មិនបានប៉ុន្មាន។ បើតាមសារព័ត៌មាន Bangkok Post មេប៉ូលិសឆ្នេរ Paton លោក Pol Col Chalermchai Hernsawad បានទទួលដំណឹងនេះពីហាងម៉ាស្សានោះផ្ទាល់នៅវេលាម៉ោងប្រមាណ ១១ និង ០៣ នាទីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅដោយរៀបរាប់ពីហេតុការណ៍ពាក់ព័ន្ធនឹងអ្នកទេសចរជនជាតិសិង្ហបុរីរូបនោះ។
តាមការបញ្ជាក់ពីប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Lee Mun Tuck អាយុ ៥២ ឆ្នាំ បានធ្វើការម៉ាស្សាបែបប្រេងលើរាងកាយរយៈពេល ៤៥ នាទីនៅលើឆ្នេរ។ តាមការរៀបរាប់បានឱ្យដឹងថា ក្រោយម៉ាស្សារួចលោក Lee Mun Tuck មើលទៅដូចសម្រាកធម្មតាប៉ុន្តែក្រោយមកលោកក៏លែងដកដង្ហើម ទើបខាងហាងបានទាក់ទងទៅប៉ូលិស និង គ្រូពេទ្យមកទីតាំងភ្លាមៗ។ គ្រូពេទ្យបានចុះមកដល់ព្យាយាមធ្វើការសង្គ្រោះបឋម ប៉ុន្តែលោក Lee នៅតែមិនអាចសង្គ្រោះបាននោះឡើយ។
ក្រោយហេតុការណ៍ខាងក្រុមគ្រូពេទ្យចង់ធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់ ប៉ុន្តែភរិយារបស់ជនរងគ្រោះបដិសេធមិនឱ្យធ្វើកោសល្យវិច័យនោះឡើយ ដោយចង់នាំសាកសពរបស់លោកទៅសិង្ហបុរីធ្វើពិធីបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ដែរថា នេះជាករណីស្លាប់ទី ២ ហើយដែលពាក់ព័ន្ធនឹងការម៉ាស្សាក្នុងប្រទេសថៃ ដោយករណីដំបូងកើតមានឡើងលើតារាចម្រៀងវ័យក្មេងម្នាក់ឈ្មោះ Phing Chanida អាយុ ២០ ឆ្នាំ ដោយរូបនាងបានកើតអាការកម្រើកដៃជើងមិនបានរហូតបាត់បង់ជីវិត ក្រោយពីនាងបានទៅម៉ាស្សាខ្លួន ហើយត្រូវគេសម្រួលត្រង់-កដោយបង្វិលធ្វើឱ្យដាច់សរសៃឈាម៕
ប្រភព៖ malaymail