ថ្មីៗនេះសារព័ត៌មានបរទេស បានរាយការណ៍ពីករណីរបស់ក្មេងប្រុសវ័យជំទង់ជនជាតិអាមេរិកម្នាក់ ដែលជក់បារីអេឡិចត្រូនិច ចៃដន្យវាផ្ទុះឆេះ បង្កទៅជារបួសដល់ថ្នាក់ត្រូវកាត់ម្រាមដៃ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះថា Eden ជាអ្នករស់នៅរដ្ឋ California សហរដ្ឋអាមេរិក។ Eden បានលួចជក់បារីអេឡិចត្រូនិចនេះមកតាំងពីអាយុ ១០ ម្ល៉េះ ទោះបីជាឪពុកម្តាយហាមប្រាមយ៉ាងណាក៏មិនខ្ចីស្តាប់ឡើយ ហើយជាពិសេសបារីអេឡិចត្រូនិចដែលគេជក់នោះ គឺគេបានរើសនៅតាមផ្លូវរួចក៏យកមកកែច្នៃប្រើប្រាស់ខ្លួនឯង។ យ៉ាងណាមិញ ថ្ងៃមួយ Eden បានចេញក្រៅផ្ទះ ដើម្បីទៅជក់បារីអេឡិចត្រូនិចនេះជាមួយមិត្តភក្ដិ តែចៃដន្យពេលរៀបនឹងលើកបឺតទៅហើយ ស្រាប់តែវាក៏ផ្ទុះឆេះគួរឱ្យរន្ធត់។
ក្នុងនោះដែរ Eden មានរបួសដៃធ្ងន់ធ្ងរណាស់ ចំណែកឯសក់ក៏ឆេះ មុខក៏មានស្នាមដាច់ ប៉ុន្តែគេក៏បានតាំងអារម្មណ៍បានសុំឡានអ្នកដំណើរនៅតាមផ្លូវដើម្បីទៅរកឪពុកម្តាយនៅផ្ទះ។ ដោយឡែក សម្រាប់ឪពុកម្តាយរបស់ក្មេងប្រុសរូបនេះ កាលបើឃើញកូនបែបនេះពិតជាតក់ស្លុតមិនតិចឡើយ រួចក៏បានប្រញាប់បញ្ចូនកូនទៅមន្ទីរពេទ្យ ហើយចុងក្រោយម្រាមដៃរបស់គេមួយចំនួន ក៏ត្រូវបានគ្រូពេទ្យកាត់ចោល ព្រោះតែជួយសង្រ្គោះមិនបាន៕
ប្រភព៖ Khaosod