អនាគត ស្រ្តីគ្មានកូនអាចវះកាត់ដាក់ «អូវែសិប្បនិម្មិត» ដើម្បីឱ្យមានកូនបាន
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយក្នុងវិស័យសុខាភិបាល ដោយគេអាចបង្កើតអូវែសិប្បនិម្មិតរបស់ស្ត្រីបាន ។ នេះគឺជាដំណឹងល្អមួយចំពោះស្ត្រីដែលមិនមានលទ្ធភាពបង្កើតកូនបាន និង ស្ត្រីដែលកំពុងមានជំងឺមហារីក ប៉ុន្តែមានបំណងចង់បានកូន ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញសារធាតុប្រូតេអ៊ីន និង អាចបង្កើតបាននូវរចនាសម្ព័ន្ធដ៏រឹងមាំដូចទៅនឹងជាលិកាអូវែធម្មជាតិនៅក្នុងស្បូនស្ត្រីបាន ។ អ្នកស្រាវជ្រាវទាំងនោះបានអះអាងថា នេះគឺជាជំហានថ្មីមួយដែលអាចឈានទៅបង្កើតអូវែសិប្បនិម្មិតធ្វើការវះកាត់សម្រាប់ស្ត្រីដែលមិនមានលទ្ធភាពបង្កើតកូនបាន ។
លោក Marie-Madeleine Dolmans អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Catholique de Louvain នៅក្នុងប្រទេសបែលហ្សិកបានអះអាងពីការស្រាវជ្រាវនេះ ហើយលទ្ធផលនៃការសិក្សាបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Springer’s Journal of Assisted Reproduction and Genetics ៕ សុផល (ប្រភព៖ sciencenewsline.com)