ត្រៀមទៅលេង! ក្រៅពីនាឡិកាយក្ស នៅកំពតមានសមិទ្ធផលមួយថ្មីទៀតលើកំពូលភ្នំទ្វារ សាងសង់ជិតរួចរាល់ហើយ
នាពេលថ្មីៗនេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក៏ដូចជាសម្រុកទៅទស្សនាកម្សាន្តទឹកដីខេត្តកំពត ដោយសារតែនាឡិកាយក្សជាសមិទ្ធផលថ្មីនៅក្នុងក្រុងកំពតបានសាងសង់រួចរាល់ជាស្ថាពរ ឈរបង្អួតសម្រស់មានភាពទាក់ទាញគួរឱ្យចង់ថតរូបកម្សាន្ត។
យ៉ាងណាមិញ ក្រៅពីនាឡិកាយក្ស ដែលជាសមិទ្ធផលថ្មីក្នុងទឹកដីខេត្តកំពតនេះ ក៏មានសមិទ្ធផលថ្មីមួយទៀតកំពុងសាងសង់ និង ជិតរួចរាល់ផងដែរ នោះគឺប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។
បើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ គឺបានប្រមាណជា ៧០ ភាគរយហើយ គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។
នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ គឺមានការស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត ផ្លូវឡើងដោយជណ្តើរកាច់សម្រាប់ពលរដ្ឋ និង ភ្ញៀវទេសចរ អាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ហើយជណ្តើរនេះក៏ជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាតសម្រាប់ថតរូបផងដែរ ក្នុងនោះក៏មានការរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និង ខាងលើភ្នំ ការរៀបចំសាងសង់បន្ទប់ទឹក និង បំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទមាសលោកជំទាវម៉ៅផងដែរ៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តកំពត