Noon គ្រោងសន្សំលុយទៅរស់នៅមណ្ឌលចាស់ជារា នៅអាយុ ៥៥ ឆ្នាំ
រំឭកដល់ឈ្មោះតួឯកស្រី Noon Siraphun ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ព្រោះនាងជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន តាមរយៈការសម្តែងដ៏ប៉ិនប្រសប់ និង ភាពក្រមិចក្រមើមរបស់នាងស្ទើរតែគ្រប់ការសម្តែងនាពេលកន្លងមក។
បើងាកមកមើលពីជីវិតឯកជនរបស់តារាស្រី Noon Siraphun នាពេលនេះវិញ ក្រោយនាងបានរៀបការជាមួយអ្នកជំនួញរូបសង្ហាម្នាក់អស់រយៈពេលជាង ៧ ឆ្នាំមក នាងហាក់មិនសូវលេចមុខក្នុងការសម្តែងជាញឹកញាប់ដូចពេលកន្លងឡើយ តែនាងក៏មិនបានបញ្ជាក់ដែរថា នាងនឹងផ្អាកពីការងារសិល្បៈនោះ។
លើសពីនេះទៅទៀត អ្វីដែលនឹកស្មានមិនដល់នោះ បើទោះបីជានាងបានរៀបការជួបជាមួយមនុស្សត្រូវចិត្តអស់រយៈពេលជាយូរឆ្នាំហើយក៏ដោយ តែមានរឿងម្យ៉ាងដែលនាង និង ស្វាមីមិនទាន់សម្រេចបានគឺអ្នកទាំងពីរចង់បានកូន តែវាហាក់នៅមិនទាន់សមបំណងឡើយ រហូតធ្វើឱ្យគូស្វាមីភរិយាមួយគូនេះស្ទើរអស់សង្ឃឹម និង មានគម្រោងសន្សំលុយទុករស់នៅក្នុងមណ្ឌលចាស់ជរាដែលគ្មានកូនមើលថែនាពេលអាយុ ៥៥ ឆ្នាំថែមទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីមហាជនបានឮដូច្នេះហើយម្នាក់ៗស្ទើរស្រឡាំងកាំង ដោយសង្ឃឹមថាអ្នកទាំងពីរនឹងសមបំណង និង អាចមានកូនស្នងត្រកូលនឹងគេនាពេលអនាគត៕