មកស្គាល់រថភ្លើងលឿនបំផុតទាំង ១០ នៅលើលោក ផ្លូវជាង ៤០០ គីឡូ ជិះ ១ ម៉ោង
មធ្យោបាយដឹកជញ្ជូនដ៏សាមញ្ញបំផុតក្នុងសាកលលោកបច្ចុប្បន្ន ប្រហែលជាការជិះលើរថភ្លើងលឿន ព្រោះជាទូទៅប្រទេសជឿនលឿនតែងតែប្រើប្រាស់វាជាមធ្យោបាយធ្វើដំណើរចាំបាច់បំផុត និង បានបង្កើតវាដើម្បីប្រកួតប្រជែងជាមួយប្រទេសជឿនលឿនផ្សេងទៀត។ ហើយខាងក្រោមនោះ គឺជាបញ្ជីឈ្មោះទាំង ១០ របស់រថភ្លើងលឿនបំផុតលើពិភពលោក។
១. រថភ្លើង Shanghai Maglev
រថភ្លើងលឿនបំផុតរបស់ពិភពលោកមានល្បឿន ៤៣១ គីឡូម៉ែត្រក្នុងមួយម៉ោង (២៦៨ ម៉ាយក្នុងមួយម៉ោង) និង មានតម្លៃសំបុត្រត្រឹមតែ ៥០ យ័ន ឬប្រហែល ៨ ដុល្លារសម្រាប់មនុស្សម្នាក់។ ។
២. រថភ្លើង Fuxing Hao CR400AF/BF
ឈ្មោះ «Fuxing Hao» បកប្រែថា «ភាពរស់រវើក» ហើយរថភ្លើងនីមួយៗត្រូវបានគេដាក់ឈ្មោះហៅក្រៅថា CR400AF គឺមានន័យថា «Dolphin Blue» និង CR400BF គឺ «Golden Phoenix»។ រថភ្លើងទាំងពីរអាចផ្ទុកអ្នកដំណើររហូតដល់ ៥៥៦ នាក់ពីស្ថានីយ៍ Beijing South ទៅ Shanghai Hongqiao ។ រថភ្លើងនេះមានល្បឿនប្រមាណ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៣. រថភ្លើង Shinkansen H5 និង E5
រថភ្លើង Shinkansen ស៊េរី H5 និង E5 គឺជារថភ្លើងរបស់ប្រទេសជប៉ុនដែលមានល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៤. រថភ្លើង The Italo និង Frecciarossa
ចេញពីទីក្រុង Milan ទៅទីក្រុងប៉ារីសរថភ្លើងនេះចំណាយពេលតែ ៦ ម៉ោងប៉ុណ្ណោះ។ Frecciarossa ត្រូវបានបង្ហាញក្នុងអំឡុងពេលពិព័រណ៍ឆ្នាំ ២០១៥ ដែលប្រារព្ធឡើងនៅទីក្រុង Milan ហើយល្បឿនរបស់វាគឺ ៣៥៤ គីឡូម៉ែត្រក្នុងមួយម៉ោង ។
៥. រថភ្លើង Haramain Western Railway
Haramain ដឹកអ្នកដំណើរបានរាប់លាននាក់ក្នុងមួយឆ្នាំដែលជួយសម្រាលការកកស្ទះចរាចរណ៍។ រថភ្លើងនេះមានល្បឿនជាង ៣៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
៦. រថភ្លើង DeutscheBahn ICE
Inter-City Express ឬ ICE ស្រដៀងគ្នាទៅនឹងរថភ្លើង Renfe AVE របស់ប្រទេសអេស្ប៉ាញដែរ រថភ្លើងលឿនបំផុតរបស់ប្រទេសអាឡឺម៉ង់នេះគឺជាការរចនារបស់ Siemens ដែលត្រូវបានសាងសង់ឡើងដើម្បីឱ្យសមតាម Channel Tunnel ។ DeutscheBahn មានល្បឿនជាង ៣២៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
៧. រថភ្លើង Eurostar e320 និង TGV
រថភ្លើង TGV និង Eurostar e320 មានល្បឿន ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាការរចនាឡើងវិញនៃរថភ្លើង Eurostar ក្នុងរយៈពេល ២២ ឆ្នាំរបស់ក្រុមហ៊ុន។
៨. រថភ្លើង Al Boraq
Al Boraq ជាឈ្មោះសត្វសេះដែលមានស្លាបចេញពីរឿងព្រេងឥស្លាម Al Boraq។ ការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកត្រូវបានកែឱ្យល្អជាងមុនសម្រាប់វាដែលរត់ក្នុងល្បឿន ៣១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
៩. រថភ្លើង Renfe AVE
រថភ្លើងលឿនបំផុតរបស់ប្រទេសអេស្ប៉ាញគឺ Velaro E ដោយ Siemens ហើយវាត្រូវបានប្រើប្រាស់សម្រាប់សេវាកម្មផ្លូវឆ្ងាយទៅកាន់ទីក្រុងធំៗរបស់អេស្ប៉ាញ ក្នុងល្បឿនជាង ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១០. រថភ្លើង Korail KTX
KTX ឬ «Korean Train Express» បានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវានៅតែអាចរក្សាចំណាត់ថ្នាក់របស់វាក្នុងបញ្ជីរថភ្លើងល្បឿនលឿនបំផុតក្នុងពិភពលោក។ រថភ្លើងនេះ មានល្បឿនប្រមាណជាង ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រភព៖ Condé Nast Traveler