ចោរចម្លែក គាស់ផ្ទះគេហើយមិនលួចទ្រព្យ ទៅជាជួយសម្អាតផ្ទះ បោកខោអាវ លាងចានសព្វគ្រប់ ចុងក្រោយនៅតែជាប់គុក
មានករណីចោរកម្មដ៏ចម្លែកមួយ ដោយមានបុរសជាចោរជនជាតិប៉ូឡូញម្នាក់បានគាស់ផ្ទះគេថានឹងរកចូលលួច តែចៃដន្យកើតគំនិតទៅជួយសម្អាតផ្ទះឱ្យគេវិញ បោកខោអាវ លាងចានមួយចប់សព្វគ្រប់ ប៉ុន្តែចុងក្រោយនៅតែបានជាប់គុក។
តាមស្រ្តីជាម្ចាស់ផ្ទះបានឱ្យដឹងថា នាងបានត្រឡប់មកពីធ្វើការវិញ ក៏ស្រាប់តែឃើញផ្ទះរបស់នាងមានស្នាមគាស់ ប៉ុន្តែចោរមិនបានយកអ្វីឡើយ បែរជាជួយសម្អាតផ្ទះរបស់នាង ដោយយកខោអាវទៅបោក ដាក់ចំណីឱ្យសត្វចិញ្ចឹមរបស់នាង និង រៀបចំអាហារឱ្យនាងទៀតផង ប៉ុន្តែនាងនៅតែមានអារម្មណ៍ថាភ័យខ្លាចចំពោះករណីនេះ ដែលធ្វើឱ្យនាងត្រូវទៅនៅផ្ទះមិត្តភក្តិបណ្តោះអាសន្នសិន។
យ៉ាងណាមិញ ក្រោយមកប៉ូលិសក៏ចាប់ខ្លួនបុរសជាចោរខាងលើនេះបាន ហើយបានរកឃើញថានេះមិនមែនជាលើកទីមួយនោះទេ ដែលបានប្រព្រឹត្តរឿងបែបនេះ។ បុរសជាចោរត្រូវបានគេឃាត់ខ្លួនបាន ក្រោយពីបានចូលទៅផ្ទះមួយខ្នងទៀត ហើយធ្វើការសម្អាតឱ្យដដែល តែលើកនេះឆ្លៀតចាក់ស្រាក្រហមផឹក ធ្វើឱ្យស្រវឹងមិនដឹងខ្លួន ហើយក៏ត្រូវម្ចាស់ផ្ទះហៅប៉ូលិសមកឱ្យចាប់តែម្តង។
ដោយឡែក បុរសរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទគាស់ផ្ទះចំនួន ២ ករណី និង ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈសរុប ៤ ករណី ហើយចុងក្រោយក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ២២ ខែផងដែរ៕
ប្រភព៖ Khaosod