មិនដែលរំឭកពីគ្រួសារសោះ! ទើបនឹងដឹងថាឪពុក កែវ ច័ន្ទដាលីន មានឋានន្តរសក្ដិខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ
ចាប់តាំងពីឈានជើងប្រឡូកក្នុងវិស័យចម្រៀងតាមរយៈការប្រឡងក្នុងកម្មវិធី X Factor Cambodia រដូវកាលទី ១ មក កញ្ញា កែវ ច័ន្ទដាលីន ក៏ទទួលបានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ពីទស្សនិកជន ព្រោះ ដាលីន មិនត្រឹមតែអាចច្រៀងបទចម្រៀងជាភាសាជាតិបានពីរោះទេ តែនាងរឹតតែអាចឆក់បានបេះដូងមហាជនតាមរយៈបទចម្រៀងជាភាសាអង់គ្លេស រហូតក្លាយជាបេក្ខជន Top4 និង បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសទៀតផង។
សាងឈ្មោះល្បីល្បាញលើវិស័យចម្រៀងខ្ទង់ ៤ ឆ្នាំ កែវ ច័ន្ទដាលីន ក៏សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ឈ្មោះ ស៊ូ គីរី កាលពី ១៨ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ដោយពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះ ប្រព្រឹត្តឡើងលក្ខណៈគ្រួសារ ក្រោមការទទួលដឹងឮពីចាស់ទុំ និង ញាតិមិត្តទាំងសងខាង។
យ៉ាងណាមិញ ក្រៅពីការងារសិល្បៈ កន្លងមក កែវ ច័ន្ទដាលីន កម្ររំឭកពីប្រវត្តិគ្រួសារណាស់ ទើបតែថ្មីៗនេះ ជាថ្ងៃខួបកំណើតលោកប៉ារបស់នាង ដាលីន ក៏បានបង្ហោះសារជូនពរលោកប៉ាប្រកបដោយក្ដីគោរព និងដឹងគុណជាទីបំផុត ដែលលោកប៉ាបានផ្ដល់កំណើត ហើយស្រឡាញ់មើលថែនាងតាំងពីតូច រហូតដល់ពេលនេះ នាងនៅតែជាក្មេងស្រីម្នាក់របស់ប៉ាដដែល។
ជាមួយនឹងរូបថតដែលតារាចម្រៀង កែវ ច័ន្ទដាលីន បានបង្ហោះជូនពរថ្ងៃកំណើតជាមួយលោកឪពុកនោះ គេកត់សម្គាល់ឃើញឯកសណ្ឋានលោកប៉ារបស់នាងគឺជាមន្រ្តីរាជការ មានឋានន្តរសក្ដិផ្កាយមាសពីរ ឬឧត្តមសេនីយ៍ទោ របស់កងយោធពលខេមរភូមិន្ទ៕