ក្រោយល្អក់កករនឹងគ្នាអស់ ២ ឆ្នាំ ក្រុម Gang តួចិត្តអាក្រក់ទាំង ៤ រូបនេះត្រូវគ្នាវិញហើយ បន្ទាប់ពីឃើញទង្វើមួយ
ប្រិយមិត្តខ្លះប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រី ៤ រូប មានតារាស្រី Kratae supaksorn តារាស្រី Ning Panita តារាស្រី Pei Panward និង តារាស្រី May phichnat ដែលតារាស្រី ៤ រូបនេះ មិនត្រឹមតែជាអ្នករួមអាជីពសិល្បៈជាមួយគ្នាឡើយ តែអ្វីដែលសំខាន់អ្នកទាំង ៤ ថែមទាំងជាមិត្តសម្លាញ់ក្នុងក្រុម «Gang តួចិត្តអាក្រក់» តែមួយផងដែរ។
ក្រោយសាងមិត្តភាពផ្អែមល្ហែមរួមសុខរួមទុក្ខជាមួយគ្នាមួយរយៈធំមក ឃើញថាមួយរយៈចុងក្រោយនេះបែរជាលេចឮដំណឹងថា «Gang តួចិត្តអាក្រក់» របស់អ្នកទាំង ៤ បានបែកបាក់មិត្តភាពគ្នា ដោយមានម្នាក់បានដើរចេញពីក្រុមគឺ តារាស្រី Pei Panward។
ចំពោះមូលហេតុដែល Pei Panward សម្រេចចិត្តចេញពីក្រុមនេះដែរ មកទល់ពេលនេះមហាជនក៏មិនទាន់បានជ្រាបច្បាស់ពីមូលហេតុពិតដែរ បានត្រឹមតែស្តាប់ចេញពីមាត់តារាស្រី Ning Panita ដែលធ្លាប់បានបង្ហើបនៅក្នុងបទសម្ភាសមួយកាលពីពេលកន្លងទៅថា ៖ «មិត្តភក្តិប្រសិនបើមានបញ្ហា ឬ ឈ្លោះទាស់គ្នា គួរតែមកនិយាយទល់មុខគ្នា ដោះស្រាយគ្នា មិនគួរណានិយាយមិនល្អពីគ្នានៅពីក្រោយខ្នងឡើយ»។
បើទោះបីជា Ning Panita បានបង្ហើបបែបនេះក៏ដោយ តែអ្នកគាំទ្រនៅតែមិនអាចសន្មតបានថារឿងកើតឡើង ព្រោះតែបែបនេះ បែបនោះឡើយ ពោលគឺអ្នកគាំទ្រទទូចសុំតែរឿងម្យ៉ាងគឺចង់ឱ្យអ្នកទាំង ៤ ត្រឡប់មកដូចកាលពីមុនវិញ។
អ្វីដែលមហាជនសង្ឃឹមថា មិត្តភាពអ្នកទាំង ៤ អាចនឹងវិលដូចមុនវិញនោះ គឺខណៈបានឃើញមិត្តទាំង ៣ បានចូលទៅខមមិននៅពីក្រោមការបង្ហោះរបស់ Pei Panward ដើម្បីលើកទឹកដល់កូនស្រីតូចរបស់នាងដែលកំពុងតែចូលក្នុងបន្ទប់វះកាត់ បន្ទាប់រូបភាពមួយនេះមហាជនខកខានបានឃើញជិត ២ ឆ្នាំមក៕