រៀបការជាង ១០ ឆ្នាំ Ning ទើបដាច់ចិត្តទម្លាយរឿងធ្លាប់ចាប់បានប្ដីលួចនាំស្រីចូលផ្ទះ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនប្រាកដជាបានស្គាល់ច្បាស់ Ning Panita តារាស្រីជើងចាស់ ដែលបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនពីតារាសម្ដែងមកក្លាយជាអ្នកដឹកនាំរឿងមានស្នាដៃ និង ទទួលបានការកោតសរសើរ។
បើនិយាយពីជីវិតឯកជនវិញ Ning បានដឹកដៃលោក Jin Jarin Tumwattana ចូលរោងការនៅឆ្នាំ ២០១១ ដោយអ្នកទាំងពីរទទួលបានចំណងដៃជីវិតកូនស្រីម្នាក់ឈ្មោះថា Nirin។
ក្នុងជីវិតអាពាហ៍ពិពាហ៍ជាង ១០ ឆ្នាំមកនេះ Ning បានដាច់ចិត្តទម្លាយរឿងធ្លាប់ចាប់បានប្ដីលួចក្បត់ចិត្តថា៖ «សម័យនោះពេលដែលស្វាមីខ្ញុំលួចក្បត់ខ្ញុំ វាប្រៀបដូចជាមានវត្ថុស័ក្ដិសិទ្ធិបង្ហាញផ្លូវមកខ្សឹបដាក់ត្រចៀកឱ្យដឹងអ៊ីចឹង គឺថ្ងៃដែលចាប់បានបែបនេះ គឺអំឡុងពេលខ្ញុំទៅដើរលេងតាមខេត្តជាមួយ Kratae និង ក្រុមមិត្តភក្តិ ហើយអំឡុងពេលជិះឡានមកវិញ ម្នាក់ៗមានអារម្មណ៍ថាហត់នឿយ ក៏សម្រាក កំពុងគេងរលីវៗស្រាប់តែមានអារម្មណ៍ថាមានសំឡេងខ្សឹបក្បែរត្រចៀកថា ភ្ញាក់ៗ មើលកាមេរ៉ា ដោយពេលនោះចាំបានម៉ោង ៤:១២ នាទី»។
«លុះពេលឆែកកាមេរ៉ាសុវត្ថិភាពឃើញអ្វីដែលមិនគួរឃើញ តែសុំមិនលម្អិតរឿងនេះទេ។ ឃើញហើយខ្ញុំធ្វើបែបណាត គឺនៅស្ងៀមៗហើយក៏ថតរូបផ្ញើឱ្យសាមីខ្លួនបានដឹងថាខ្ញុំដឹង។ ហើយបើសួរថាខ្ញុំស៊ើបតទេ ស៊ើបចាស គឺតាមនិស្ស័យខ្ញុំ ដោយគ្រាន់តែចង់ដឹងថាម្នាក់នោះជាអ្នកណា ហើយកើតឡើងបែបម៉េចប៉ុណ្ណឹងឯង តែបើឱ្យឡូឡារករឿងខ្ញុំមិនចេះទេ។ ហើយគ្រប់យ៉ាងគឺចប់ពេលខ្ញុំដឹងរឿង ហើយក៏មិនមានទៀតនោះទេ»។
«កុំសួរថាខ្ញុំធ្វើចិត្តបានដោយរបៀបម៉េច ខ្ញុំតែងបើកចិត្តខ្លួនឯងថា មិនថាគាត់ក្បត់ចិត្តហើយខ្ញុំចាប់បានប៉ុន្មានដងទៀត ក៏គាត់មិនព្រមលែងខ្ញុំឡើយ ចឹងដឹងហើយកុំទៅខ្វល់ច្រើនពេក។ ខ្ញុំធ្លាប់និយាយរឿងនេះជាមួយគាត់ដែរ ខ្ញុំថាបើធ្វើហើយសប្បាយចិត្តក៏ធ្វើទៅ តែអ្វីខ្ញុំសុំសំខាន់បំផុត ហើយខ្ញុំមិនព្រមឱ្យប៉ះពាល់ដាច់ខាត គឺតួនាទីជាឪពុកម្ដាយល្អរបស់កូន រឿងនេះគឺត្រូវតែច្បាស់លាស់។ ពួកយើងធ្លាប់ឈ្លោះគ្នាមុខកូនដែលវាជាគំរូមិនល្អហើយអាចប៉ះពាល់សម្ពាធផ្លូវចិត្តកូន»។
Ning បន្តទៀតថា ៖ «មនុស្សមួយចំនួនបានដឹងហើយថា Ning មើលថែកូន តែមានពេទ្យចិត្តសាស្ត្រនៅក្បែរជាប់ ទោះមិនមានរឿងអ្វីតែ Ning ជាមនុស្សចង់មានអ្នកស្ដាប់រឿងរ៉ាវក្នុងចិត្ត ហេតុនេះតែងពិភាក្សាជាមួយពេទ្យផ្លូវចិត្តប្រចាំ សូម្បីតែវិធីមើលថែទាំកូន ព្រោះតែខ្ញុំធ្វើការច្រើន គិតថាខ្លួនឯងអាចថែរក្សាកូនមិនបានល្អ។ ខ្ញុំសារភាពថាខ្ញុំជាម្ដាយដែលកាចសម្រាប់កូន ចង់ឱ្យកូនមានក្រិតក្រមវិន័យ តែការដែលកាចមិនមែនវាយធ្វើបាបស្ដីបន្ទោសនោះទេ ដោយការកាចគឺគ្រាន់តែដាក់វិន័យតឹងបន្ដិចប៉ុណ្ណោះ»៕