(វីដេអូ) បាត់មុខយូរ ស្ងាត់ៗលេចមុខតារាចម្រៀង ឈឿន ឧត្តម ក្នុងវីដេអូមួយបង្ហោះដោយតារាចម្រៀង អ៊ាម វន្នី
ជាការពិតណាស់ បើនិយាយពីប្រមាណជាជាង ២ ទសវត្សរ៍មុន មហាជននិយមតាមដានស្តាប់បទចម្រៀងបែបមនោសញ្ចេតនា អន្លង់អន្លោច ច្បាស់ជានៅចាំនៅឡើយតារាចម្រៀងរៀមច្បងសំឡេងស្រទន់ លោក ឈឿន ឧត្តម។
កាលនោះគេចាំបានថាអំឡុងចុងឆ្នាំ ១៩៩៩ ដល់ ២០០០ ជាង លោក ឈឿន ឧត្តម គឺជាតារាចម្រៀងប្រុសមានប្រជាប្រិយភាពមួយរូប ដែលបទចម្រៀងល្បីៗជាច្រើនរបស់លោកត្រូវបានទទួលការគាំទ្រពីសំណាក់មហាជនរួមមានបទ «ខ្លាចរកាដែក» បទ «ប្រពន្ធនរណាគេហ្ន៎» បទ «ភ្លើងស៊ីជម្ពូ» បទ «រនោចខែប្រាំង» បទ «នឿយទេនួនល្អង» បទ «ចាញ់ស្នេហ៍អូន» និង បទជាច្រើនទៀត។
យ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គេហាក់មិនបានឃើញវត្តមានលោក ឈឿន ឧត្តម ញឹកញាប់លើវិថីសិល្បៈ ដោយមានការចេញច្រៀងក្នុងកម្មវិធីតន្ត្រី និង ទូរទស្សន៍នានាប៉ុន្មាននោះឡើយ។
ដោយឡែកថ្មីៗនេះ តាមរយៈការបង្ហោះវីដេអូរបស់លោក អ៊ាម វន្នី មួយបានធ្វើឱ្យអ្នកគាំទ្រលោក ឈឿន ឧត្តម រំភើបចិត្តយ៉ាងខ្លាំង ដោយតារាចម្រៀងរៀមច្បងខាងលើត្រៀមចេញបទចម្រៀងថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ហើយបទចម្រៀងនោះមានចំណងជើងថា «លង់ស្នេហ៍ PR»។
ម្យ៉ាងវិញទៀត អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសរសើរដល់លោក ឈឿន ឧត្តម នោះ ព្រោះលោកបានលើកយកបទចម្រៀងចាស់របស់លោកកាលពីជាង ២០ ឆ្នាំមុន មកបកស្រាយគោកក្នុងវីដេអូរបស់លោក អ៊ាម វន្នី គឺនៅតែពីរោះគ្រលួចដូចដើម៕