ក្ដៅៗ! ជំទាវ ចន ចន្ទលក្ខិណា ប្រតិកម្មអ្នកលក់អនឡាញបកស្រាយរឿងជំងឺ HPV ដែលថាឱ្យគ្រូពេទ្យជំនាញចង់តោងនាងល្បី
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានជ្រាបមកហើយនូវការចែករំលែកពីចំណេះដឹងនានាពាក់ព័ន្ធនឹងមេរោគ HPV។
អ្វីដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះការចែករំលែកជាថ្មីនូវរឿងដ៏ក្តៅគគុកមួយ ក្រោយមានអ្នកលក់អនឡាញល្បីមួយរូប បានធ្វើវីដេអូបង្ហាញពីមេរោគ HPV តែត្រូវបានវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគខាងលើកុំឱ្យគិតខុស។
ក្នុងនោះដែរ ក្រោយពី វេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគ HPV នោះ ស្រាប់តែអ្នកលក់អនឡាញរូបនោះ បានចេញមកបង្ហោះសារ និង សំណេរជាច្រើនដោយពាក្យមួយធ្វើឱ្យគ្រូពេទ្យជាច្រើន និង មហាជនទូទៅប្រតិកម្មខ្លាំងនោះគឺ «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឱ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក» និង សំណេរ ព្រមទាំងខមមិនមួយចំនួនទៀត។
ជាក់ស្តែង សូម្បីតែជំទាវ ចន ចន្ទលក្ខិណា ក៏នៅមិនសុខនឹងសំណេរនោះ ស្រាប់តែបានបង្ហោះសារ និង Mention ដល់ក្រសួងសុខាភិបាលថា ៖ «សូមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានវិធានការលើបុគ្គលដែលជាអ្នករកស៊ីលក់ផលិតផល Online មួយចំនួនតូច ដែលចេញ Video និយាយបកស្រាយទាក់ទងនឹងបញ្ហាសុខភាពដោយគ្មានចំណេះ និង ជំនាញ ហើយគ្មានឯកសារយោងបែបវិទ្យាសាស្ត្រច្បាស់លាស់ និង ហ៊ានមាក់ងាយដល់បងស្រីវេជ្ជបណ្ឌិត ដែលជាអ្នកជំនាញពេទ្យពិតប្រាកដពេលដែលគាត់បកស្រាយពីបញ្ហាសុខភាព»។
លើសពីនោះ ជំទាវ ចន ចន្ទលក្ខិណា បានបន្ថែមថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមមានវិធានការចំពោះបុគ្គល ដែលគ្មានវិជ្ជាជីវៈជាពេទ្យ តែចេញវីដេអូពន្យល់ផ្តេសផ្តាសពាក់ព័ន្តនឹងសុខភាព ហើយហ៊ានដៀលគ្រូពេទ្យ ដែលមានចំណេះ និង ជំនាញពិតប្រាកដទៀត»៕