(វីដេអូ) ពីហ្វេនក្លាយជាមនុស្សជំនិត! មិនជាប់សាច់ឈាមសោះ សុភ័ក្ត្រ កុសុម៉ា ទទួលបានកាដូប្អូនស្រីស្មោះត្រង់ម្នាក់ ស្រឡាញ់គ្នាដូចមនុស្សក្នុងគ្រួសារ
ជាការពិតណាស់ ប៉ុន្មានថ្ងៃមកនេះ ក្រោយពីមង្គលការរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបចំរួចរាល់យ៉ាងគគ្រឹកគគ្រេង និង មានការចូលរួមជាសក្ខីភាពនៃមង្គលជ័យរបស់នាងហើយនោះ មហាជនអ្នកគាំទ្រជាច្រើន ក៏កំពុងតែសរសើរពីភ័ព្វព្រេងវាសនារបស់នាង ដែលបានជួបបុរសល្អជាស្វាមី មានក្រុមគ្រួសារ និង បងប្រុសមើលថែក្នុងនាមជាប្អូនស្រីពៅ។
ក្រៅពីស្វាមី ក្រុមគ្រួសារនោះ សុភ័ក្ត្រ កុសុម៉ា ក៏ទទួលបានក្តីស្រឡាញ់ពីមិត្តភក្តិគ្រប់រូបផងដែរ ក៏ព្រោះតែនាងជាមនុស្សម្នាក់ចេះយកឧស្សាហ៍ និង ជួយមិត្តភក្តិ ដែលបានរាប់អានគ្នាចេញពីចិត្តទៀតផង។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ និង អ្នកស្គាល់បានសរសើរពីបុណ្យសំណាងរបស់នាងទៀតសោត ដោយ សុភ័ក្ត្រ កុសុម៉ា បានស្គាល់នារីម្នាក់ឈ្មោះ សុជាតា ដែលដំបូងឡើយជាហ្វេន រហូតក្លាយទៅជាអ្នកស្និទ្ធស្នាលយ៉ាងខ្លាំងដូចបងប្អូនបង្កើត ពោលគឺក្រុមគ្រួសាររបស់ សុភ័ក្ត្រ កុសុម៉ា បានស្រឡាញ់ និង ចាត់ទុក សុជាតា ដូចជាគ្រួសារតែមួយ។
បើទោះជាមិនមែនជាសាច់ឈាមនឹងនាងក៏ពិតមែន តែ សុភ័ក្ត្រ កុសុម៉ា ទទួលបានការមើលថែ យកចិត្តទុកដាក់ លើកទឹកចិត្ត និង គ្រប់គ្រងការងារសព្វគ្រប់បែបយ៉ាងពី សុជាតា ដោយនាងបានចាត់ទុក សុជាតា ជាប្អូនស្រីពៅទៀតផង។ ក្នុងនោះ មហាជនបានលើកឡើងថា សុជាតា ពិតជាក្មេងស្រីមានចិត្តស្មោះត្រង់ ស្រឡាញ់ សុភ័ក្ត្រ កុសុម៉ា ចេញពីចិត្ត ដោយតាំងពីនាងនៅលីវ រហូតមានស្វាមីសាងគ្រួសារ ក៏នាងមើលថែ សុភ័ក្ត្រ កុសុម៉ា មិនប្រែឡើយ៕