ប៉ូលិសក្រុង Los Angeles សហរដ្ឋអាមេរិក បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលក្លែងបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ រួចចូលផ្ទះពលរដ្ឋនៅ Malibu ដើម្បីលួចទ្រព្យសម្បត្តិ ខណៈភ្លើងឆេះព្រៃកំពុងរាលដាលឆេះក្នុងតំបន់នោះ។
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិស Los Angeles បានឱ្យដឹងថា កងកម្លាំងរបស់ពួកគេបានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលក្លែងស្លៀកពាក់ជាអ្នកពន្លត់អគ្គិភ័យ រួចចូលទៅក្នុងផ្ទះពលរដ្ឋមួយខ្នងនៅតំបន់ជម្លៀសខ្លួនបន្ទាន់ចេញពីភ្លើងឆេះព្រៃ។ ជនក្លែងបន្លំរូបនោះគឺស្ថិតក្នុងបុរស ៣ នាក់ដែលបើកឡានជុំវិញតំបន់ Pacific Palisades ដោយល្មើសនឹងបម្រាមគោចរ នេះបើតាមការបញ្ជាក់ពីលោក Jim McDonnell មន្ត្រីប៉ូលិសប្រចាំក្រុង Los Angeles។
តាមការប្រកាសព្រមានពីប៉ូលិសក្នុងតំបន់ដោយថា នរណានៅក្នុងតំបន់ជម្លៀសចន្លោះម៉ោង ៦ យប់ និង ៦ ព្រឹក នឹងត្រូវចាប់ខ្លួន។ លោក McDonnell បានបញ្ជាក់បន្ថែមទៀតថា បុរសដែលបានចាប់ខ្លួននោះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ។ គួរឱ្យដឹងផងដែរថា គិតមកទល់ពេលនេះ ប៉ូលិសបនឃាត់ខ្លួនមនុស្សសរុបចំនួន ២៩ នាក់ហើយដែលមានការពាក់ព័ន្ធនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅ Los Angeles។ មួយចំនួនឃាត់ខ្លួនដោយល្មើសនឹងច្បាប់បម្រាមគោចរ ខណៈខ្លះទៀតចាប់ខ្លួនដោយសារមានកាន់អាវុធជាប់ខ្លួន ឬពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មនុស្សប្រមាណជាង ១០ ម៉ឺននាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ខណៈតំបន់ជាច្រើននៅក្រុង Los Angeles ជួបគ្រោះមហន្តរាយភ្លើងឆេះព្រៃរាលដាលទ្រង់ទ្រាយធំគួរឱ្យតក់ស្លុតបំផុត។ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅ Los Angeles នេះដែរក៏បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ១៦ នាក់ ខណៈច្រើននាក់ផ្សេងទៀតរងរបួស និង បាត់ខ្លួន៕
ប្រភព៖ VN Express